បណ្តាញសង្គម

បំផ្ទុះគ្រាប់បែកអត្តឃាត ស្លាប់ ១៣នាក់ នៅអាហ្វហ្គានីស្ថាន

កាបុល៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា អំពើហិង្សា បំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារ ដោយអាវុធ បណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់ ក្នុងនោះ រួមមានទាំងជនស៊ីវិល និងក្រុមសកម្មជនផងដែរ។ នេះបើយោងតាមការ លើកឡើង របស់មន្ត្រីក្នុងស្រុកម្នាក់។

តាមប្រភពព័ត៌មាន ពីមន្ត្រីប៉ូលីស បានលើកឡើងថា ហេតុការណ៍ នៃអំពើហិង្សារួមគ្នានេះ បានកើតមានឡើងក្នុង ស្រុក Shahr-e-Safa ក្នុងខេត្ត Zabul ភាគខាងត្បូងប្រទេស អាហ្វហ្គានីស្ថាន ដែលក្នុងនោះ ក៏មានអ្នកស្លាប់ ដោយសារការបំផ្ទុះ គ្រាប់បែកចំនួន បីនាក់ផងដែរ។ មេបញ្ជាការប៉ូលីស ថ្នាក់ខេត្ត លោក Ghulam Sakhi Rogh Liwanai ប្រាប់សារព័ត៌មានចិន ស៊ិនហួ ថា ក្រុមភេរវករ បានបើករថយន្ត សម្រាប់បំផ្ទុះគ្រាប់បែក មួយគ្រឿង ក្នុងគោលដៅ វាយប្រហារទីបញ្ជាការ នៃស្រុក Shahr-e-Safa។ ប៉ុន្តែវាបានផ្ទុះឡើង នៅវេលាម៉ោងប្រមាណ ជា១១ និង៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) មុនពេល ដែលរថយន្តនេះ ទៅដល់តំបន់គោលដៅ។

សូមបញ្ជាក់ថា នារសៀលថ្ងៃចន្ទនេះ ក្រុមសកម្មជន ក៏បានបើក ការវាយប្រហារ ដោយគ្រាប់បែកអត្តឃាត នៅក្នុងរថយន្ត របស់ពួកយោធា ក្នុងទីក្រុងHerat ផងដែរ ដែលបានបណ្តាលឲ្យ កម្លាំងយោធាយ៉ាងហោចណាស់ បីនាក់ស្លាប់។ នេះបើយោងតាម ប្រភពព័ត៌មាន ពីលោកមេបញ្ជាការ ថ្នាក់ខេត្ត លោក Samaiullha ប្រាប់សារព័ត៌មានស៊ិនហួ៕

 ដកស្រង់ពី៖ ដើមអម្ពិល