បណ្តាញសង្គម

ប្រធានាធិបតីអ៊ុយក្រែនថ្មីស្នើសុំលោក វ្ល៉ាឌីមៀ ពូទីន ដោះលែងក្រុមនាវិកអ៊ុយក្រែនទាំង២៤នាក់ ឲ្យត្រឡប់មកជួបជុំគ្រួសារវិញ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន ដែលទើបឡើងកាន់អំណាច លោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ (Volodymyr Zelensky) នាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះបានស្នើ ឲ្យប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ពិចារណាដោះលែង ក្រុមនាវិកអ៊ុយក្រែនវិញ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។

ជាការទទូចឲ្យមានការដោះលែង ក្រុមនាវាអ៊ុយក្រែន ដែលត្រូវបានទីក្រុងម៉ូស្គូចាប់ឃាត់ខ្លួន កាលពីឆ្នាំ២០១៨ លោក Zelensky បានថ្លែងទៅកាន់លោក ពូទីន យ៉ាងដូច្នេះថា «យើងទាំងអស់គ្នា សុទ្ធតែមានកូនៗ។ សូមប្រគល់ឪពុក-ម្តាយ ទាំងនោះ ទៅឲ្យកូនៗ របស់ពួកគេវិញ»។

លោកប្រធានាធិបតី អ៊ុយក្រែន ថែមទាំងបានបញ្ជាក់ថា រូបលោកត្រៀមខ្លួនរួចស្រេច ដើម្បីធ្វើគ្រប់យ៉ាង  ឲ្យតែអាច នាំយកក្រុមនាវិក ទាំងនោះមកវិញ។

គួរជម្រាបថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធររុស្ស៊ី បានឃាត់នាវាចម្បាំង អ៊ុយក្រែនចំនួន ០៣គ្រឿង រួមជាមួយក្រុមនាវិក  ២៤នាក់ នៅក្បែរច្រកសមុទ្រ ឃើច (Kerch) ដែលនៅចន្លោះសមុទ្រខ្មៅនិងសមុទ្រអាហ្ស៊ូវ (Azov) ដោយចោទថា នាវាទាំងនោះបានរំលោភ ចូលបន្ទាត់ព្រំដែនរបស់រុស្ស៊ី។ ទីក្រុងម៉ូស្គូបានហៅហេតុការណ៍នេះថា ជាសកម្មភាពបង្ករឿង ខណៈទីក្រុងកៀវបានអះអាងថា ខ្លួនមិនបានប្រព្រឹត្តអ្វីខុសឡើយ៕

ដកស្រង់ពី៖ Fresh News