បណ្តាញសង្គម

ស្លាប់៤០នាក់ ក្នុងការវាយប្រហារតាមអាកាស លើមជ្ឍមណ្ឌលជនអន្តោប្រវេសន៍លីប៊ី

ការវាយប្រហារតាមអាកាស បានប៉ះចំមជ្ឍមណ្ឌលសម្រាប់ជនអន្តោ-ប្រវេសន៍ កាលពីល្ងាចថ្ងៃអង្គារ៍ ក្នុងតំបន់ជាយក្រុងរដ្ឋធានី Tripoli របស់ប្រទេសលីប៊ី ដោយបន្សល់មនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់បាត់បង់ជីវិត នេះបើយោងតាមអជ្ញាធរសុខាភិបាល។

អ្នកនាំពាក្យក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលដែលគាំទ្រដោយ UNបានប្រាប់កាលពីព្រលឹមថ្ងៃពុធថា មនុស្ស៤០នាក់ ត្រូវបានសម្លាប់មកទល់ពេលនេះ ហើយមនុស្សប្រហែល៨០នាក់ទៀត បានរងរបួស ក្នុងការវាយប្រហារលើមណ្ឌលឃុំខ្លួន ក្នុងតំបន់ក្បែរខាង Tajoura ក្នុងរដ្ឋ-ធានី Tripoli ។

តំបន់ Tajoura មានចំងាយប្រហែល ១៥គ.មភាគខាងកើតទីប្រជុំជនរបស់រដ្ឋធានី Tripoli គឺឋិតលើតំបន់ឆ្នេរសមុទ្រម៉េឌីទែរ៉ាណេ។ ព័ត៌មានលំអិតបន្ថែមនៃការវាយប្រហារ គឺនៅតែមិនទាន់ដឹង។ ភ្លាមៗបន្ទាប់ការវាយប្រហារ រដ្ឋាភិបាលដែលមានមូលដ្ឋាននៅ Tripoli បានចេញនូវសេចក្តីថ្លែងការណ៏មួយ បន្ទោសកងទ័ពជាតិលីប៊ីដែលដឹកនាំដោយ Khalifa Hafta ពីការវាយប្រហារដ៏សាហាវនេះ។

កងទ័ពជាតិលីប៊ីដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេស បាននឹងដឹកនាំយុទ្ធនាការយោធាមួយ ចាប់តាំងពីខែមេសា ដើម្បីព្យាយាមកាន់កាប់រដ្ឋធានី Tripoli ។ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បានសំដែងនូវក្តីកង្វល់អំពីការវាយប្រហារនោះ។ “ជនស៊ីវិល មិនគួរក្លាយផ្ទាំងស៊ីបនោះទេ” UNHCR លីប៊ីសរសេរលើទំព័រ Twitter របស់ខ្លួន។

ប្រទេសលីប៊ី គឺកន្លែងចេញដំណើរដ៏សំខាន់មួយសម្រាប់ជនភៀសខ្លួនដែលគ្មានឯកសារ មកពីប្រទេសអាហ្រ្វិក និងអារ៉ាប់ ដែលព្យាយាមទៅដល់ទ្វីបអឺរ៉ុបតាមសមុទ្រ ប៉ុន្តែពួកគេ ភាគច្រើន ត្រូវបានបញ្ឈប់ដោយកងការពារឆ្នេរសមុទ្រលីប៊ី ដែលផ្តល់មូលនីធិដោយសហភាពអឺរ៉ុប ហើយពួកគេ ត្រូវបានឃុំឃាំងក្នុងមណ្ឌលឃុំខ្លួន ក្នុងប្រទេសលីប៊ី នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍។