បណ្តាញសង្គម

លោកស្រីអធិការបតីអាល្លឺម៉ង់ «បង្ហាញអការៈកាន់តែទ្រុឌទ្រោមខ្លាំង» ខណៈពលរដ្ឋអាល្លឺម៉ង់កំពុងព្រួយបារម្ភ

(ប៊ែរឡាំង) អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល ត្រូវបានគេថតជាប់ ដោយមាន អាការៈញ័រខ្លួន ជាលើកទី ៣ នៅថ្ងៃពុធនេះ ខណៈប្រជាជនអាល្លឺម៉ង់ បានសម្តែងនូវការព្រួយបារម្ភ កាន់តែខ្លាំងឡើង ចំពោះស្ថានភាពទ្រុឌទ្រោម នៃមេដឹកនាំប្រទេសពួកគេ។

នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។ ការចាប់អារម្មណ៍  និងការព្រួយបារម្ភ ពីសុខភាពរបស់លោកស្រី មឺគែល បានកើតឡើងជាថ្មី កំឡុងពេល អធិការបតីអាល្លឺម៉ង់រូបនេះ ទទួលស្វាមគមន៍ នាយករដ្ឋមន្ត្រីហ្វាំងឡង់  លោក អាន់ទី រីនណេ (Antti Rinne) ដែលបំពេញទស្សនកិច្ច មកកាន់ទីក្រុងប៊ែរឡាំង។

លោកស្រី មឺគែល បានបង្ហាញអការៈញ័រខ្លួនជាលើកទី ៣ នៅពេលលោកស្រី កំពុងសម្លឹងមើលកងយោធា  សម្ដែងក្បួនស្វាគមន៍ ចំពោះការមកដល់នៃលោក Rinne នៅថ្ងៃពុធនេះ។ លោកស្រីក៏ធ្លាប់បានញ័រខ្លួន ស្ទើតែទប់ខ្លួនមិនរួចផងដែរ  កំឡុងពេលចូលរួម ក្នុងពិធីតែងតាំង រដ្ឋមន្ត្រីយុត្តិធម៌អាល្លឺម៉ង់ថ្មី នៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃទី ២៧ ខែមិថុនា។

គួរបញ្ជាក់ថា លោកស្រី អាន់ជែលឡា មឺគែល ត្រូវបានគេថតជាប់ នូវអការៈញ័រខ្លួនជាលើកដំបូង នៅពេលលោកស្រី ចាប់ដៃជាមួយ ប្រធានាធិបតីអ៊ុយក្រែនថ្មី លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅក្នុងរដ្ឋធានីប៊ែរឡាំង៕

ដកស្រង់ពី៖ Fresh News