បណ្តាញសង្គម

យន្តហោះដឹកជញ្ជូន យោធាអ៊ុយក្រែន មួយគ្រឿងទៀត ត្រូវបាញ់ធ្លាក់ ដោយគ្រាប់មីស៊ីល

អ៊ុយក្រែន៖ កងទ័ពអ៊ុយក្រែន កាលពីយប់ ថ្ងៃទី១៤ កក្កដា បានតាមរុករក បណ្តាសមាជិក ក្រុមយានិក នៃយន្តហោះដឹកជញ្ជូន យោធា មួយគ្រឿង ដែលត្រូវបាញ់ធ្លាក់ ក្នុងតំបន់បំបែកខ្លួន ដោយមីស៊ីល ១គ្រាប់ ប្រហែល ជាបាញ់ចេញ មកពីរុស្ស៊ី ដែលប្រការនេះ រឹតតែបង្កើន ភាពតានតឹង ខ្លាំងថែមទៀត រវាងប្រទេសទាំង ២ ។

ក្នុងសេចក្តីប្រកាសមួយ វិមានប្រធានាធិបតី អ៊ុយក្រែន គូសបញ្ជាក់ថា សមាជិក ក្រុមយានិក របស់យន្តហោះធុន AN-26 នោះ ដែលត្រូវផ្ទុះបែក ជាច្រើនបំណែក ហើយត្រូវបាន អ្នកកាសែតរបស់ AFP ប្រទះឃើញក្នុង ចម្ការមួយ ស្ថិតនៅក្បែរភូមិ Davydo Mykiste តំបន់លូហ្គានស្ក៍ បានទាក់ទងជាមួយ សេនាធិការដ្ឋាន កងទ័ព អ៊ុយក្រែន ។

ទោះបីយ៉ាងណា គេពុំដឹងថា តើសមាជិក ក្រុមយានិក ទាំងអស់របស់យន្តហោះ នោះនៅរស់ ឬយ៉ាងណាឡើយ ។ បន្ទាប់មក អ្នកនាំពាក្យយោធា អ៊ុយក្រែន ម្នាក់ ទទួលស្គាល់ថា មនុស្ស២នាក់ ក្នុងចំណោម មនុស្សទាំង៨នាក់ ជិះក្នុងយន្តហោះនោះ ត្រូវចាប់ជាឈ្លើយសឹក ដោយពួកឧទ្ទាម ។

ចំណែកពួកបំបែកខ្លួននិយម ស្និទ្ធរុស្ស៊ី អះអាងថា ចាប់បានឈ្លើយសឹក ៤នាក់ ។ ក្រុង គៀវ វាយតម្លៃភ្លាមៗ ថា រុស្ស៊ី ជាអ្នកទទួល ខុសត្រូវ ចំពោះការវាយប្រហារ ប្រឆាំងយន្តហោះ ដឹកជញ្ជូនយោធានោះ។ ក្នុងសេចក្តីប្រកាសមួយ វិមានប្រធានាធិបតី អ៊ុយក្រែន និយាយថា យន្តហោះ ដែលហោះដល់ កម្ពស់៦.៥០០ម៉ែត្រ គឺមិនអាចបាញ់ត្រូវ ដោយមីស៊ីល ដី-អាកាស យកតាមខ្លួនបានឡើយ មានន័យថា ត្រូវបាញ់ធ្លាក់ ដោយមីសុីលប្រភេទផ្សេងទៀត ដែលខ្លាំងហើយ មីសុីលនោះ ប្រហែលបាញ់ចេញពី ដែនដី នៃសហព័ន្ធរុស្ស៊ី ។ ចំណែកអ្នកនាំពាក្យ យោធាអ៊ុយក្រែន លោក អានឌ្រីយ លូសសេនកូ បញ្ជាក់ថា មីសុីលនោះ អាចជាមីស៊ីល ដី-អាកាស ធុន Pantsir ឬមីសុីលរត់ រកគោលដៅ ដោយស្វ័យប្រវត្តិ ធុន X-24 ដែលអាចបាញ់ចេញពី យន្តហោះ រុស្ស៊ី ១គ្រឿង ដែលហោះចេញពី ព្រលាន យន្តហោះ Millerovo ៕

ដកស្រង់ពី៖ គេហទំព័រ ដើមអំពិល