បណ្តាញសង្គម

កូរ៉េខាងត្បូងអះអាងថា «យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ហោះរំលោភដែនអាកាស» ដែលទង្វើបែបនេះមិនធ្លាប់កើតមាន...

 (សេអ៊ូល)៖ យន្តហោះយោធា រុស្ស៊ីមួយគ្រឿង បានហោះរំលោភចូល ដែនអាកាសប្រទេស កូរ៉េខាងត្បូង នៅតំបន់សមុទ្រខាងកើត ដល់ទៅពីរលើក នាថ្ងៃអង្គារនេះ ដែលជាហេតុបង្ខំឲ្យ ទ័ពអាកាសកូរ៉េខាងត្បូង ចល័តយន្តហោះចម្បាំងរបស់ខ្លួន ជាបន្ទាន់ និងបាញ់ព្រមាន លើយន្តហោះរុស្ស៊ីថែមទៀត។

នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូងយុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា យន្តហោះយោធារុស្ស៊ី គឺជាប្រភេទយន្តហោះ ទម្លាក់គ្រាប់បែក ហើយយន្តហោះនោះបានឆ្លងចូល មកក្នុងដែនអាកាស ពីលើដែនសមុទ្រ ខាងកើតក្បែរប្រជុំកោះ ដុកដូ (Dokdo) ដល់ទៅពីរដង ហើយមួយលើកៗមានរយៈពេលខ្ទង់ ៣នាទី។

សកម្មភាពរបស់រុស្ស៊ីបែបនេះ ត្រូវបានភាគីខាងត្បូងចាត់ទុកថា ជាការរំលោភ លើសន្ធិសញ្ញាអន្តរជាតិ។ គួរជម្រាបថា ករណីខាងលើ គឺជាលើកទីមួយហើយ ដែលយន្តហោះយោធារុស្ស៊ី ត្រូវបានចោទប្រកាន់ថា បានបំពានចូលមក ក្នុងដែនអាកាសកូរ៉េខាងត្បូង។

ដោយឡែកខាងរដ្ឋាភិបាល ទីក្រុងម៉ូស្គូវិញ នៅមិនទាន់ បញ្ចេញប្រតិកម្មណាមួយ ចំពោះការចោទប្រកាន់ ពីសំណាក់កូរ៉េខាងត្បូង នោះឡើយ៕

ដកស្រង់ពី៖ Fresh News