បណ្តាញសង្គម

យុទ្ធនាការឃោសនាការបោះឆ្នោតប្រធានាធិបតីអាហ្កានីស្ថាន បានចាប់ផ្តើម

យុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប្រទេសអាហ្កានីស្ថាន នាចុងខែកញ្ញា បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ចំពេល ការវាយប្រហារដែលចេះតែកើនឡើង និងការភ័យខ្លាចការលួចបន្លំ ក្នុងប្រទេសដែលញាំញីដោយពួកសកម្មប្រយុទ្ធមួយនេះ។

បេក្ខជនសរុបចំនួន១៨នាក់ ដែលរួមមានលោកប្រធានាធិបតី Mohammad Ashraf Ghani, ដែលកំពុងកាន់តំណែង បានចាប់ផ្តើមនូវយុទ្ធនាការ ដែលមានរយះពេល២ខែ ដែលនឹងបិទបញ្ចប់នៅថ្ងៃទី ២៥ខែកញ្ញា ខាងមុខនេះ។

សេចក្តីថ្លែងការណ៏របស់គណះកម្មាការរៀបចំការបោះឆ្នោត បានប្រកាសថា យុទ្ធនាការ អាចបញ្ចប់ក្នុងរយះពេល៤៨ម៉ោង មុនការបោះឆ្នោត។ ក្រៅពីធានាឲ្យបាននូវតម្លាភាពក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខនេះ អង្គភាពរៀបចំការបោះឆ្នោត ក៏បានអំពាវនាវឲ្យអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ ប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការគាំទ្របេក្ខជនដែលពួកគេពេញចិត្តនៅថ្ងៃបោះឆ្នោត។

ទន្ទឹមនឹងនោះ ដៃគូប្រជែង ដែលរួមមានអតីតប្រធានផ្នែកចារកម្ម បានធ្វើការចោទប្រកាន់លោកប្រធានាធិបតី Ghani ពីបទប្រើប្រាស់សម្ភារះរដ្ឋាភិបាល សម្រាប់យុទ្ធនាការបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខ គ្រោងនឹងប្រារព្វឡើងនៅថ្ងៃទី២៨ កញ្ញា គឺជាការបោះឆ្នោតលើកទី៤ ក្នុងប្រទេសដែលហែកហួរដោយជម្លោះ ចាប់តាំងពីការដួលរលំនូវរបបតាលីបង់ កាលពីចុងឆ្នាំ ២០១១។

ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលបានបង្កើនសកម្មភាពនានា និងបានប្រឆាំងនឹងការបោះឆ្នោតនាពេលកន្លងមកនោះ មិនទាន់មានការអត្ថាធិប្បាយណាមួយ អំពីយុទ្ធនាការប្រធានាធិបតីនៅក្នុងប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមនេះនៅឡើយទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចន្ទ។