បណ្តាញសង្គម

ជម្លោះពាណិជ្ជកម្ម៖ កូរ៉េខាងត្បូង សន្យាចាត់វិធានការឆ្លើយតបគ្រប់រូបភាពទាំងអស់ បើជប៉ុនមិនព្រមបន្ធូរដៃ

  (សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រកាសប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់ នៅថ្ងៃពុធនេះថា ខ្លួននឹង ចាត់រាល់វិធានការ ឆ្លើយតបគ្រប់រូបភាពទាំងអស់ បើសិនជាជប៉ុន នៅបន្តធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាន់តែអាក្រក់ឡើង  តាមរយៈការដាក់កំហិត បន្ថែមលើការនាំចេញ។

នេះបើតាមការចេញផ្សាយដោយ ទីភា្នក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។ ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ខាងលើ ធ្វើឡើងកំឡុងប្រជុំ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខ ជាតិកូរ៉េខាងត្បូង ដែលដឹកនាំដោយ លោក Chung Eui-yong ដែលជានាយក ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីកូរ៉េខាងត្បូង នាព្រឹកថ្ងៃពុធនេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុន បានដាក់ចេញនូវការដាក់កំហិត កាលពីដើមខែកក្កដាកន្លងទៅ  លើការនាំចេញ វត្ថុធាតុដើមចំនួន ០៣ប្រភេទ ដែលមានសារៈសំខាន់ បំផុត ក្នុងការផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទ ដៃស្មាតហ្វូន ដល់ក្រុមហ៊ុនបច្ចេកវិទ្យា កូរ៉េខាងត្បូង។

ដោយឡែក បើតាមសារព័ត៌មានក្នុងស្រុកមួយ រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង គឺលោកស្រី Kang Kyung-wha គ្រោងនឹងជួបចរចាមួយទល់មួយ ជាមួយសមភាគីជប៉ុន លោក Taro Kono នាឱកាសចូលរួមវេទិកា តំបន់អាស៊ាន (ARF) នៅទីក្រុងបាងកក ប្រទេសថៃ នៅចុងសប្តាហ៍នេះ៕

ដកស្រង់ពី៖ Fresh News