បណ្តាញសង្គម

គ្មានភស្តុតាង ដែលបង្ហាញថា រុស្ស៊ី ជាប់ទាក់ទងដោយផ្ទាល់ ក្នុងករណី ធ្លាក់យន្តហោះ ម៉ាឡេស៊ី នោះទេ

វ៉ាស៊ីនតោន៖ បើតាមសារព័ត៌មាន ស៊ីអិនអ៊ិន បានចេញផ្សាយ នៅថ្ងៃអង្គារ ទី២២ ខែកក្កដាថា គ្មានភស្តុតាង ដែលអាចបង្ហាញ ថា ប្រទេសរុស្ស៊ី ជាប់ទាក់ទងដោយផ្ទាល់ ទៅនឹងករណីធ្លាក់ យន្តហោះ MH17 របស់អាកាសចរណ៍ ប្រទេសម៉ាឡេស៊ី នៅក្នុងប្រទេស អ៊ុយក្រែន នោះទេ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០១៤ ដោយផ្អែកតាមការផ្សាយរបស់ ស៊ីអិនអិនថា សាកសព នៃជនរងគ្រោះ ក្នុងសោកនាដកម្មដែន អាកាស កាលពីសប្តាហ៍មុន ទំាងអ្នកដំណើរ និងអាកាសយានិក នៅលើ នោះសរុបចំនួន ២៩៨នាក់ បានស្លាប់ទំាងអស់។

ទាក់ទិននឹងបញ្ហានេះដែរ កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានថ្លែងថា ប្រទេសរុស្ស៊ី ត្រូវតែទទួលខុសត្រូវ ក្នុងការ បង្ខិតបង្ខំដោយផ្ទាល់ ឲ្យក្រុមបំបែកខ្លួន អ៊ុយក្រែន សហការ ជាមួយ ការស៊ើបអង្កេត រកមូលហេតុ ដែលនាំឲ្យ កើតសោកនា ដកម្មនេះឡើង។

ខណៈនោះដែរ ប្រទេសលោកខាងលិច បានអះអាងថា ក្រុមបំបែកខ្លួនឯករាជ្យ អ៊ុយក្រែន គឺជាអ្នកបាញ់ទម្លាក់ យន្តហោះ ដឹកអ្នក ដំណើរ មួយគ្រឿងនោះ ដោយប្រើប្រាស់ គ្រាប់មីស៊ីល ស្របពេលដែលប្រទេសរុស្ស៊ី បានច្រានចោល ការចោទប្រកាន់ ដោយទាមទារ ឲ្យសហរដ្ឋអាម៉េរិក បង្ហាញភស្តុតាង ជាសាធារណៈ តាមរយៈ រូបភាពពីប្រព័ន្ធផ្កាយរណប៕ 

ដកស្រង់ពី៖ គេហទំព័រដើមអំពិល