បណ្តាញសង្គម

មនុស្ស១៣នាក់ ស្លាប់, ៨៦៥នាក់រងរបួស ក្នុងបាតុកម្មតវ៉ាដ៏ហិង្សានៅអ៊ីរ៉ាក់

(បាកដាដ)៖ មនុស្សយ៉ាងហោចណាស់ ១៣នាក់ ត្រូវបានបាញ់សម្លាប់ និង៨៦៥នាក់ រងរបួស បន្ទាប់ពីប៉ូលិសអ៊ីរ៉ាក់  បើកការបាញ់ប្រហារ ដោយប្រើគ្រាប់កំាភ្លើង ពិតលើហ្វូងបាតុករ នៅក្នុងទីក្រុង Kerbala ដែលសម្បូរទៅដោយអ្នកកាន់ និកាយស៊ីអ៊ីត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។ ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភព ពីក្រុមមន្ត្រីសន្តិសុខ និងមន្ទីរពេទ្យអ៊ីរ៉ាក់ បញ្ជាក់ទៀតថា រដ្ឋាភិបាលអ៊ីរ៉ាក់ ក៏បានប្រកាស ពីបម្រាមគោរចរផងដែរ  នៅក្នុងរដ្ឋធានីបាកដាដ ជាទីដែលបាតុកម្ម តវ៉ានៅតែធ្វើឡើង។ប៉ុន្តែភ្លាមៗ ខាងអាជ្ញាធរអ៊ីរ៉ាក់ មិនទាន់ធ្វើការអត្ថាធិប្បាយ អ្វីនៅឡើយទេ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាកាលពីយប់ថ្ងៃចន្ទ បានឈានចូលដល់ថ្ងៃទី៤ហើយ ក្រោយក្រុមបាតុករប្រមូលផ្ដុំគ្នាតវ៉ាជាថ្មី។ តាមការពិតទៅ ការតវ៉ាបានផ្ទុះឡើង តាំងតែដើមខែតុលា កន្លងទៅមកម្លេះ ដោយបាតុករបាននាំគ្នា ប្រឆាំងជំទាស់អំពើ ពុករលួយ, ភាពអត់ការងារធ្វើ និងបញ្ហាសេវាកម្មសាធារណៈ។

ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ មនុស្ស ដល់ទៅជាង២៥០នាក់បានស្លាប់ ក្នុងបាតុកម្មតវ៉ាដ៏ហិង្សា នៅក្នុងខែតុលានេះ  នៅឯរដ្ឋធានីបាកដាដ និងទីក្រុងជាច្រើន ស្ថិតនៅភាគខាងត្បូងនៃប្រទេស៕

ដកស្រង់ពី៖ Fresh News