បណ្តាញសង្គម

ឆេះរថភ្លើងដឹកអ្នកដំណើរនៅប៉ាគីស្ថាន ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦៥នាក់ និងជាច្រើននាក់ទៀតរងរបួស

 (អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងតិច៦៥នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត បានរងរបួស បន្ទាប់ពីរថភ្លើង មួយខ្សែត្រូវបានភ្លើងឆាប ឆេះ នៅភាគខាងកើត ប្រទេសប៉ាគីស្ថាន។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។ យោងតាមអាជ្ញាធរ ផ្លូវដែកប៉ាគីស្ថាន គ្រោះអគ្គីភ័យ ដ៏អាក្រក់នេះបានកើតឡើង ដោយសារតែការផ្ទុះធុងហ្គាស ដែលអ្នកដំណើរម្នាក់ បានយកតាមខ្លួន។

រថភ្លើងខាងលើស្ថិតក្រោមកម្មសិទ្ធិក្រុមហ៊ុន Tezgam Express ដែលគ្រានោះវាមាន គោលដៅធ្វើដំណើរពីទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ឆ្ពោះទៅកាន់ទីក្រុង Rawalpindi នៃខេត្ត Punjab នៅភាគខាងកើត។ ទូររថភ្លើងយ៉ាងហោច ចំនួន៣កំណាត់បានរងការឆាបឆេះ។

គួរជម្រាបថា នៅពេលកើតហេតុ ដោយសារតែភាពភ័យខ្លាច អ្នកដំណើរមួយចំនួនបានសម្រេចចិត្តលោតចេញពីរថភ្លើងតែម្តងថែម ទៀតផង។អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា តួលេខជាក់លាក់ចុងក្រោយនៃចំនួនអ្នកស្លាប់អាចច្រើនជាងខាងលើ នៅពេលប្រតិបត្តិការ ជួយសង្រ្គោះចប់រួចរាល់។

ជាមួយគ្នានេះ ការស៊ើបអង្កេតក៏នឹងត្រូវធ្វើឡើងផងដែរ ថាហេតុអ្វីបានជាមាន ការអនុញ្ញាតឲ្យអ្នកដំណើរ យកធុងហ្គាសឡើងលើរថភ្លើងបែបនេះ ព្រោះវាជារបស់ហាមឃាត់៕

ដកស្រង់ពី៖ Fresh News