បណ្តាញសង្គម

លោក គីម ជុងអ៊ុន ផ្ញើសារចូលរួមរំលែកទុក្ខមរណភាពម្តាយប្រធានាធិបតីកូរ៉េខាងត្បូង

 (សេអ៊ូល)៖ វិមានប្រធានាធិបតី កូរ៉េខាងត្បូង Blue House នាថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រមុខដឹកនាំកំពូល របស់កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន បានផ្ញើសារចូលរួមរំលែកទុក្ខមកកាន់ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ចេអ៊ីន ជុំវិញការទទួលមរណភាព នៃ លោកស្រី Kang Han-ok ដែលត្រូវជាម្តាយរបស់លោក មូន។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

យោងតាមអ្នកនាំពាក្យ វិមាន Blue House ឬ Cheong Wa Dae លិខិតចូលរួមរំលែកទុក្ខរបស់លោក គីម ជុងអ៊ុន ត្រូវបានផ្ញើមកកាន់ កូរ៉េខាងត្បូងតាមរយៈ ភូមិសន្តិភាពអន្តរកូរ៉េ Panmunjom កាលពីរសៀលថ្ងៃពុធម្សិលមិញ ហើយត្រូវបានប្រគល់មកឲ្យដល់ដៃលោក មូន ដោយផ្ទាល់ នៅពេលលោកស្នាក់នៅទីក្រុង Busan ដើម្បីរៀបចំបុណ្យសពអ្នកម្តាយលោក។

ក្នុងនោះ លោក គីម បានសម្តែងពី សមានទុក្ខយ៉ាងជ្រាលជ្រៅ។ គួរជម្រាបថា លោកស្រី Kang Han-ok បានទទួលមរណភាពដោយសាររោគាពាធ នៅអាយុ៩២ឆ្នាំ កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕

ដកស្រង់ពី៖ Fresh News