បណ្តាញសង្គម

អង្គការសហប្រជាជាតិ (UN)៖ «សង្គ្រាមពាណិជ្ជកម្មធ្វើឲ្យអាមេរិក និងចិនឈឺចាប់ដូចគ្នា»

(ហ្ស៊ឺណែវ)៖ អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារសប្តាហ៍នេះថា សង្គ្រាមពាណិជ្ជកម្ មដែលកំពុងអូសបន្លាយ រវាងសហរដ្ឋអាមេរិក និងប្រទេសចិននោះ គឺនឹងធ្វើឲ្យសេដ្ឋកិច្ច មហាយក្សទាំងពីរនេះ កាន់តែខាតបង់ ដោយសារ ការធ្លាក់ចុះនៃវិស័យនាំចេញ និងការឡើងថ្លៃទំនិញ សម្រាប់អ្នកប្រើប្រាស់។

នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ នៅក្នុងរបាយការណ៍ថ្ មីចុងក្រោយមួយ នៃសន្និសីទអង្គការសហប្រជាជាតិ ស្តីអំពីវិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ នៃការដំឡើងពន្ធ លើទំនិញរាងៗខ្លួន របស់មហាអំណាចសេដ្ឋកិច្ចទាំងពីរ មន្ត្រីជំនាញរបស់ UN ទាំងអស់បានមើលឃើញថា ប្រទេសទាំងពីរនេះសុទ្ធតែរងគ្រោះ គួរឲ្យកត់សម្គាល់ដូចគ្នា។

ទីភ្នាក់ងាររបស់ UN ក៏បានព្រមានផងដែរថា បើនៅតែបន្តសកម្មភាពដូចរាល់ថ្ងៃនេះទៀត សេដ្ឋកិច្ចនៃសកលលោកទាំងមូលនឹងជួបហានិភ័យ។គួរបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកបានផ្ទុះឡើងកាលពីឆ្នាំ២០១៨ ដោយចាប់ផ្តើមពីការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកលើមុខទំនិញ ដែលមានតម្លៃរាប់រយពាន់លានដុល្លារ។

ជាក់ស្តែង UNCTAD បានយល់ឃើញថា ការដំឡើងពន្ធដែលសហរដ្ឋអាមេរិកដាក់លើទំនិញចិននោះ បានធ្វើឲ្យប្រទេសធំៗទាំងពីររងគ្រោះដូចគ្នា មិនមែនចិនតែម្នាក់ឯងនោះឡើយ៕

      

ដកស្រង់ពី៖ Fresh News