បណ្តាញសង្គម

ចិនទទួលស្គាល់ថា នាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

 (ប៉េកាំង)៖ កងនាវាចិន នៅថ្ងៃចន្ទនេះ បានទទួលស្គាល់ថា នាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួន ពិតជាបានធ្វើដំណើរ ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ប្រាកដមែន តែក្នុងប្រតិបត្តិការហ្វឹកហាត់ និងធ្វើតេស្ដសាកល្បង ជាទម្លាប់ធម្មតា ប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ នាវាផ្ទុកយន្ដហោះចម្បាំងខាងលើ  ដែលនៅមិនទាន់ មានឈ្មោះនៅឡើយ គឺជានាវាផ្ទុកយន្ដហោះចម្បាំងទី២របស់ចិន ដែលនឹងជួយបង្កើនអំណាច និងសមត្ថភាពនៃកងនាវាចិន ប្រឈមមុខនឹងភាពតានតឹង ជាមួយតៃវ៉ាន់ ក៏ដូចជានៅតំបន់ សមុទ្រចិនខាងត្បូង។

ថ្លែងនៅលើគេហទំព័រផ្លូវការ អ្នកនាំពាក្យកងនាវាចិន លោក Cheng Dewei បានឱ្យដឹង ដូច្នេះថា៖«នាវាផ្ទុកយន្ដហោះចម្បាំង  ដែលត្រូវបានសម្ពោធក្នុងឆ្នាំ២០១៧ បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ មុននឹងចូលទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីធ្វើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការហ្វឹកហាត់បណ្ដុះបណ្ដាល ជាទម្លាប់ធម្មតា ពោលគឺមិនមានគោលដៅអ្វីពិសេសណាមួយនោះទេ»។

គួរបញ្ជាក់ថា ការទទួលស្គាល់ខាងលើរបស់កងនាវាចិន កើតមានឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋមន្ត្រីការបរទេស តៃវ៉ាន់ លោក Joseph Wu បានចោទប្រកាន់ថានាវាផ្ទុកយន្ដហោះចម្បាំងចិនមួយគ្រឿង បានឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់ ក្នុងគោលបំណងគំរាមកំហែង និងលូកដៃចូលកិច្ចការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ដែលនឹងប្រព្រឹត្តទៅក្នុង ពេលអនាគតដ៏ខ្លីខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News