បណ្តាញសង្គម

យោធាអ៊ីស្រាអែលបាញ់ស្កាត់រ៉ុក្កែត៤គ្រាប់ដែលហោះមកពីប្រទេសស៊ីរី

 (តែលអាវីវ)៖ យោធាអ៊ីស្រាអែល បានឲ្យដឹងថា ប្រព័ន្ធការពាររបស់ខ្លួន បានបាញ់ស្កាត់រ៉ុក្កែត ចំនួន៤គ្រាប់ ដែលហោះចូល មកពីប្រទេសស៊ីរី សំដៅឆ្ពោះមកកាន់ តំបន់ភាគខាងជើង ប្រទេសអ៊ីស្រាអែល។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ គ្រាប់រ៉ុក្កែតទាំងនោះ បានបណ្តាលឲ្យមានការបន្លឺសារ៉ែន ប្រកាសអាសន្ន នៅតាមសហគមន៍មួយចំនួន របស់អ៊ីស្រាអែល នៅឯតំបន់ Golan Heights។

អ្នកនាំពាក្យយោធា ប្រទេសអ៊ីស្រាអែល បានប្រាប់ដូច្នេះថា «រ៉ុក្កែតទាំង៤គ្រាប់ ដែលបាញ់ចេញពីទឹកដីស៊ីរី សំដៅចូលមកក្នុងដី អ៊ីស្រាអែល ត្រូវបានប្រព័ន្ធការពារ ដែនអាកាសអ៊ីស្រាអែល បាញ់ស្កាត់បានទាន់ពេលវេលា ហើយពុំមានរ៉ុក្កែតមួយគ្រាប់ណា ធ្លាក់ចំដល់ដី ឡើយ»។

គួរជម្រាបថា ពុំទាន់ឃើញមានក្រុមណាមួយ ចេញមុខអះអាងថា ការបាញ់គ្រាប់រ៉ុក្កែតខាងលើ ជាទង្វើរបស់ពួកគេនោះទេ ក៏ប៉ុន្តែកន្លងមក អ៊ីស្រាអែលធ្លាប់បានធ្វើសកម្មភាព វាយប្រហារតាមផ្លូវអាកាស ប្រមាណជារាប់រយលើក ទៅលើទឹកដីប្រទេសស៊ីរី។

យោងតាមការបញ្ជាក់ របស់អ៊ីស្រាអែល ប្រតិបត្តិការទាំងនោះ មានគោលដៅលើក្រុម សកម្មប្រយុទ្ធលីបង់ «Hezbollah» និងមូលដ្ឋានរបស់អ៊ីរ៉ង់នៅស៊ីរី។ ទោះជា បែបនេះក្តី មួយរយៈចុងក្រោយនេះ កងទ័ពអាកាសអ៊ីស្រាអែល មិនបានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសណាមួយ ទៅលើស៊ីរី ឡើយ៕

ដកស្រង់ពី៖ Fresh  News