បណ្តាញសង្គម

សាស្ត្រាចារ្យអាមេរិកម្នាក់ «រងការចោទប្រកាន់ពីបទលាងលុយកខ្វក់» ដែលលួចពីប្រជាជនវេណេស៊ុយអេឡា

(វ៉ាស៊ីនតោន)៖ រដ្ឋអាជ្ញាអាមេរិកក្នុងសង្កាត់ មែនហាតថាន់ (Manhattan) បានចោទប្រកាន់សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ម៉ៃអាមី (Miami) លោក ប្រ៊ូស បាកឡេយ (Bruce Bagley) ពីបទលាងលុយកង្វក់ ដែលលួចពីប្រជាជន វេណេស៊ុយអេឡា ចូលមកក្នុង សហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ យោងតាមរដ្ឋអាជ្ញា អាមេរិក លោក Bagley មានអាយុ ៧៣ឆ្នាំជាសាស្ត្រាចារ្យ ផ្នែកសិក្សាអន្តរជាតិ និងសហអ្នកនិពន្ធសៀវភៅ មានចំណងជើងជាភាសាអង់គ្លេសថា «Drug Trafficking, Organized Crime, and Violence in the Americas Today» បានដើរតួនាទីយ៉ាងសំខាន់  នៅក្នុងការលាងកង្វក់ ២.៥លានដុល្លារ ដែលបានមកពីការស៊ីសំណូក និងអំពើពុករលួយ ពីប្រជាជនវេណេស៊ុយអេឡា  ព្រមទាំងបានលាក់ទុក សម្រាប់ខ្លួនឯង ២៥០,០០០ដុល្លារ។

បន្ថែមពីលើនេះ នៅក្នុងពាក្យបណ្ដឹង ក៏បានចោទប្រកាន់ផងដែរថា សាស្ត្រាចារ្យរូបនេះ ទទួលបានជារៀងរាល់ខែនូវ អាត្រាការប្រាក់ នៃលុយតម្កល់ទុក ក្នុងធនាគារស្វីស និងអេមីរ៉ាតអារ៉ាប់រួម ហើយផ្ទេរប្រាក់ទាំងនោះជាង ៩០ភាគរយ ទៅកាន់ភាគីទី ៣ និងទុកភាគរយខ្លះ សម្រាប់ខ្លួនឯង។

គួរបញ្ជាក់ថា រដ្ឋអាជ្ញាអាមេរិកបានសង្ស័យ លើសកម្មភាពរបស់លោក Bruce Bagley នៅចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ខែតុលា ឆ្នាំ២០១៨ ជាពេលដែលលោកទទួលបានលុយ ២.៥លានដុល្លារពីគណនីធនាគារបរទេស ដែលត្រូវបានគេរកឃើញថា ជាកម្មសិទ្ធិរបស់បុរសជាជនជាតិកូឡុំប៊ីម្នាក់ មិនត្រូវបានគេបញ្ជាក់អត្តសញ្ញាណ៕

ដកស្រង់ពី៖ Fresh News