បណ្តាញសង្គម

លោក មូន ប្រាប់លោក ស៊ី ជិនពីង៖ ភាពជាប់គាំងនៃកិច្ចចរចានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងជើង មិនមែនជារឿងល្អសម្រាប់ចិនទេ

 (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បាននិយាយថាភាពជាប់គាំង នៃកិច្ចចរចានុយក្លេអ៊ែរ និងភាពតានតឹងបច្ចុប្បន្ន រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មិនមែនជារឿងល្អសម្រាប់ចិន និងទីក្រុងព្យុងយ៉ាងនោះទេ ចំពេលដែលលោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងផ្ញើកញ្ចប់កាដូបុណ្យណូអែល ដ៏ធំមួយជូន លោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។ ការកត់សម្គាល់បែបនេះ របស់លោក មូន ធ្វើឡើងក្នុងជំនួប ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ តែទន្ទឹមគ្នា លោកប្រធានាធិបតី កូរ៉េខាងត្បូង ក៏បានបង្ហាញការពេញចិត្ តចំពោះតួនាទីយ៉ាងសំខាន់របស់ចិន នៅក្នុងសំណុំរឿង កូរ៉េខាងជើងផងដែរ។

លោក មូន បានគូសបញ្ជាក់ដូច្នេះថា៖ «ភាពជាប់គាំង នៃកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើង រូមទាំងភាពតានតឹង នាពេលថ្មីៗនេះ មិនមែនជារឿងល្អ សម្រាប់ប្រទេសយើងទាំងពីរឡើយ ហើយវាក៏មិនមែនជារឿងល្អសម្រាប់ កូរ៉េខាងជើងដែរ...តែយ៉ាងណា ខ្ញុំនៅតែសង្ឃឹមថា យើងអាចនឹងធ្វើការងារ ជាមួយគ្នាឱ្យកាន់តែជិតស្និទ ដែលឱកាសដ៏កម្រនេះនឹង លេចចេញឡើងនូវលទ្ធផលជាទីគាប់ចិត្ត»។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទីក្រុងព្យុងយ៉ាង បានព្រមានថា សហរដ្ឋអាមេរិក នឹងត្រូវតបស្នងមកវិញ នូវតម្លៃមួយ យ៉ាងសក្តិសម ចំពោះការថ្កោលទោស ស្ថានភាពរំលោភសិទ្ធិមនុស្ សនៅកូរ៉េខាងជើង ហើយទង្វើបង្ករឿងបែបនេះ មានតែធ្វើឱ្យ ស្ថានភាពតានតឹង នៅលើឧបទី្វបកូរ៉េ កាន់តែអាក្រក់ឡើងតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News