បណ្តាញសង្គម

អាជ្ញាធរអូស្រ្តាលីត្រៀមការពារស្ថានីយផ្គត់ផ្គង់ទឹក និងទំនប់ទឹកនៅទីក្រុងស៊ីដនី ពីការគំរាមកំហែងដោយភ្លើងឆេះព្រៃ

(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលីនាថ្ងៃសុក្រនេះ បានឲ្យដឹងថា ពួកគេកំពុងផ្តោតលើការ ការពារស្ថានីយផ្គត់ផ្គង់ និងកែច្នៃទឹក រួមទាំងទំនប់ទឹកនានា នៅក្នុងទីក្រុងស៊ីដនី ពីការគំរាមកំហែងដោយភ្លើងឆេះព្រៃ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។ ទោះបីស្ថានភាពភ្លើងឆេះព្រៃ នៅតំបន់ភាគខាងកើត ប្រទេសអូស្រ្តាលីហាក់មានសភាព អន់ថយបន្តិច កំឡុងមួយរយៈពេល កន្លងទៅក៏ដោយ សីតុណ្ហភាព ត្រូវគេរំពឹងថានឹងបន្តកើនឡើងខ្ពស់វិញ ជាពិសេសនៅរដ្ឋ New South Wales នាដើមសប្តាហ៍ក្រោយ។

ខណៈការបំផ្លិចបំផ្លាញ ដោយភ្លើងឆេះព្រៃប៉ុន្មានខែមកនេះ មិនបានរាលដាលដល់ បណ្តាញស្ថានីយផ្គត់ផ្គង់ ក៏ដូចជាកែច្នៃទឹក និងទំនប់ទឹក នៅក្នុងរដ្ឋ New South Wales យ៉ាងណាក្តី អាជ្ញាធរអូស្រ្តាលីកំពុងងាក ទៅផ្តោតសំខាន់លើការការពារ ស្ថានីយនិងទំនប់ទឹកទាំងនោះ នៅក្នុងទីក្រុងស៊ីដនី ហើយពួកគេក៏កំពុងតាមដានជាប់លើគុណភាពទឹកនៅតាមទំនប់ ដែលអាចរងការគំរាមកំហែងពីផ្សែងឬផេះនៃភ្លើងឆេះព្រៃផងដែរ។

គួរជម្រាបថា មហន្តរាយភ្លើងឆេះព្រៃនៅតំបន់ភាគខាងកើតអូស្រ្តាលី បានអូសបន្លាយប៉ុន្មានខែមកហើយ ហើយវាក៏បានផ្តាច់ជីវិតមនុស្សសរុប០៨នាក់ថែមទៀតផង ដែលក្នុងនោះមានភ្នាក់ងារពន្លត់អគ្គីភ័យរបស់អូស្រ្តាលី០២នាក់៕

ដកស្រង់ពី៖ Fresh News