បណ្តាញសង្គម

ក្រសួងការបរទេសចិន៖ ប្រទេសមួយចំនួន ជាពិសេសគឺ សហរដ្ឋអាមេរិក មានប្រតិកម្មជ្រុសហួសហេតុ ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា

 (ប៉េកាំង)៖ បណ្ដាប្រទេសមួយចំនួន ជាពិសេសគឺ សហរដ្ឋអាមេរិក បានបង្កើត និងពង្រីកភាពភ័យខ្លាច បន្ទាប់ពីការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសចិន ប៉ុន្តែពួកគេបានបរាជ័យ ក្នុងការផ្ដល់ជំនួយសំខាន់នានា ដើម្បីជួយទីក្រុងប៉េកាំង ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

នេះបើតាមអ្នកនាំពាក្យក្រសួង ការបរទេសចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃចន្ទនេះ លោកស្រី Chunying បានបន្ថែមដូច្នេះថា៖ «ប្រទេសជាច្រើនបាននិយាយថា ពួកគេពេញចិត្ត និងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី ហើយយើងយល់ និងគោរពចំពោះការសម្រេចចិត្តរបស់ពួកគេ ដោយបានបិទព្រំដែន គោកជាបណ្ដោះអាសន្ន និងហាមឃាត់ជនជាតិចិនចូលក្នុងប្រទេសរបស់ពួកគេ»។

តែយ៉ាងនេះក្ដី លោកស្រី នៅតែបង្ហាញក្ដីសង្ឃឹមដដែលថាសហគមន៍អន្តរជាតិ នឹងធ្វើការសម្រេចចិត្ត ប្រកបដោយហេតុផល រក្សាភាពស្ងៀមស្ងាត់ និងធ្វើការវិច្ឆ័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។

គួរជម្រាបថា នៅថ្ងៃចន្ទនេះដែរ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៣៦១នាក់ហើយ និង ១៧,២០៩នាក់បានឆ្លង ហើយក្នុងនោះ ៤៧៥នាក់ បានត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ ចំណែក នៅឯហ្វីលីពីនវិញ ក៏បានរាយការណ៍ផងដែរពីការស្លាប់របស់ អ្នកជំងឺកូរ៉ូណាម្នាក់ ហើយដែលនេះគឺជាស្លាប់លើកដំបូងបំផុតនៅក្រៅប្រទេសចិន៕

ដកស្រង់ពី៖ Fresh News