បណ្តាញសង្គម

តៃវ៉ាន់បញ្ជូនយន្តហោះចម្បាំង F-16 ហោះឃ្លាំមើលសកម្មភាពយន្តហោះចម្បាំងចិន នៅជុំវិញកោះ និងច្រកសមុទ្រ

 (តៃប៉ិ)៖ កងកម្លាំងទ័ពអាកាសតៃវ៉ាន់ បានបញ្ជាឱ្យយន្ដហោះចម្បាំងរបស់ខ្លួន ហោះតាមឃ្លាំមើល សកម្មភាពយន្ដហោះចម្បាំងចិន ជាច្រើនគ្រឿង ដែលបានហោះជុំវិញ ដែនកោះតៃវ៉ាន់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យយន្ដហោះចម្បាំងចិន J-11 និងយន្ដហោះទម្លាក់គ្រាប់បែក H-6 បានហោះចូលក្នុងដែនអាកាសនៃច្រកសមុទ្រ បាស៊ី (Bashi) ឆ្ពោះទៅកាន់ភាគខាងត្បូងកោះតៃវ៉ាន់ ហើយបន្ទាប់មកបានហោះចេញឆ្ពោះ ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក មុននឹងត្រឡប់ទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួនវិញ កាត់តាមច្រកសមុទ្រ មីយ៉ាកុ (Miyako Strait) ដែលមានទីតាំងស្ថិតនៅចន្លោះកោះ Miyako និងអូគីណាវ៉ា (Okinawa) របស់ជប៉ុន និងភាគឦសានកោះតៃវ៉ាន់។

លើសពីនេះទៅទៀត ជាការឆ្លើយតបកងកម្លាំងទ័ពអាកាសតៃវ៉ាន់ បានបញ្ជាឱ្យយន្ដហោះចម្បាំង F-16 មួយគ្រឿង ហោះតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិន ខណៈប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ក៏បានបញ្ចេញរូបភាពយន្ដហោះ F-16 មានបំពាក់ដោយគ្រាប់មីស៊ីល ហោះតាមពីក្រោយយន្ដហោះទម្លាក់គ្រាប់បែក H-6 មួយគ្រឿងផងដែរ។

គួរជម្រាបថា ក្រសួងការពារជាតិតៃវ៉ាន់បានចាត់ទុកថា សកម្មភាពយន្ដហោះចម្បាំងចិន គឺជាការគំរាមកំហែងមួយដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ទាំងមូល។ ប៉ុន្តែខាងយោធាចិនអះអាងថា វាគ្រាន់តែជាដឹកនាំសមយុទ្ធ និងហោះល្បាតជាទម្លាប់ធម្មតា ក្នុងគោលបំណងត្រៀមលក្ខណៈការពារច្រកសមុទ្រ និងដែនអធិបតេយ្យភាពជាតិតែប៉ុណ្ណោះ ពីការគំរាមកំហែងនានាតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News