បណ្តាញសង្គម

ទីបំផុតភ្លើងឆេះព្រៃនៅរដ្ឋ NSW របស់អូស្ត្រាលីត្រូវគ្រប់គ្រងបានទាំងស្រុងហើយ!

 (ស៊ីដនី)៖ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យនៅរដ្ឋ ញូសោតវែលស៍ (New South Wales ឬ NSW) បានប្រកាសជាលើកដំបូងថា ភ្លើងឆេះព្រៃទាំងអស់ នៅក្នុងរដ្ឋភាគខាងកើតមួយនេះ ត្រូវគ្រប់គ្រងបានទាំងស្រុងហើយ ដោយវាគឺជាសញ្ញាដ៏វិជ្ជមានបំផយតមួយសម្រាប់រដ្ឋ NSW ក្រោយទទួលរងការវាយប្រហារ យ៉ាងធ្ងន់ធ្ងរដោយបញ្ហាភ្លើងឆេះព្រៃ តាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកនោះ។

នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរពន្លត់អគ្គីភ័យអូស្រ្តាលីបានប្រកាសថា ក្រោយការខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនខែ ទីបំផុតភ្លើងឆេះព្រៃទាំងអស់ក្នុងរដ្ឋ New South Wales ត្រូវគ្រប់គ្រងបានទាំងស្រុង ដោយពុំមានការរីករាលដាលទៀតឡើយ ដែលវាគឺជាដំណឹងយ៉ាងល្អមួយ ទាំងសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យផ្ទាល់ និងសម្រាប់ប្រជាជនអូស្រ្តាលីនៅក្នុងរដ្ឋនេះ ហើយអ្វីដែលត្រូវធ្វើនៅជំហានបន្ទាប់ គឺពន្លត់ពួកវាឲ្យរលត់ទាំងអស់តែម្តង។

ការធ្លាក់ភ្លៀងនាពេលថ្មីៗនេះ បានជួយយ៉ាងច្រើនដល់កិច្ចប្រឹងប្រែងរបស់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ តែពេលនេះតំបន់ជាច្រើនកំពុងត្រូវប្រឈមបញ្ហា បង្កឡើងដោយគ្រោះទឹកជំនន់ និងព្យុះផងដែរ។

គួរជម្រាបថា រដ្ឋ NSW ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី គឺជាកន្លែងរងគ្រោះខ្លាំងក្លាជាងគេ ដោយមានមនុស្សស្លាប់ ២៥នាក់ ហើយលំនៅឋានជាង ២,៤០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងផ្ទៃដីជាង ៥លានហិកតា ត្រូវបានឆាបឆេះ ខណៈសត្វព្រៃ និងពាហនៈរាប់ពាន់លានក្បាលក៏ត្រូវគេជឿជាក់ថា បានបាត់បង់ជីវិតផងដែរ៕

 

ដកស្រង់ពី៖ Fresh News