បណ្តាញសង្គម

មនុស្សស្លាប់កើនដល់១៩នាក់ ដោយសារអំពើហិង្សា នៅទីក្រុងញូដេលី ប៉ុន្តែស្ថានការណ៍ហាក់ស្ងប់ស្ងាត់បន្តិចវិញ

 (ញូដេលី)៖ មនុស្សយ៉ាងតិច១៩នាក់ បានបាត់បង់ជីវិត នៅរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា ដោយសារតែការប៉ះទង្គិចគ្ រវាងក្រុមអ្នកកាន់ ហិណ្ឌូនិងក្រុមអ្នកកាន់មូស្លីម ជុំវិញច្បាប់ផ្តល់សញ្ជាតិថ្មីដ៏ចម្រូងចម្រាស់ ប៉ុន្តែនៅថ្ងៃពុធនេះស្ថានការណ៍ ហាក់មានសភាស្ងប់ស្ងាត់បន្តិច។

នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ ប្រភពពីមន្ទីរពេទ្យ Guru Teg Bahadur នៅក្នុងទីក្រុងញូដេលី មនុស្សសរុបចំនួន១៩នាក់ហើយបានស្លាប់ ខណៈ១៥នាក់ទៀតកំពុងតែស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។ អំពើហិង្សាខាងលើបានកើតឡើង ចំពេលដំណើរបំពេញទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសឥណ្ឌា។

វាបានផ្ទុះឡើងរវាងក្រុមអ្នកដែលគាំទ្រ និងក្រុមអ្នកដែលប្រឆាំងច្បាប់ផ្តល់សញ្ជាតិថ្មីរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី។ នាពេលកន្លងមក ក៏មានការធ្វើបាតុកម្មយ៉ាងកក្រើកផងដែរ ជាពិសេសនៅរដ្ឋធានីញូដេលី តែម្តង។ សម្រាប់ស្ថានការណ៍នៅថ្ងៃពុធនេះ អាជ្ញាធរទីក្រុងញូដេលីបានឲ្យដឹងថា អ្វីៗហាក់ស្ងប់ស្ងាត់ជាងម្សិលមិញ។

គួរជម្រាបថា បើតាមការយល់ឃើញរបស់ក្រុមអ្នករិះគន់ ច្បាប់ថ្មីនេះមានភាពលម្អៀងប្រឆាំងនឹងក្រុមម៉ូស្លីមនៅក្នុងប្រទេសឥណ្ឌា ក៏ប៉ុន្តែ គណបក្សកាន់អំណាចរបស់ឥណ្ឌា Bharatiya Janata បានប្រកែកថា វាមិនមានភាពលម្អៀងអ្វីឡើយ ប្រឆាំងនឹងជនមូស្លីមជាង១៨០លាន នាក់នៅប្រទេសឥណ្ឌា៕

ដកស្រង់ពី៖ Fresh News