បណ្តាញសង្គម

ភ្លើងឆេះព្រៃនៅភាគខាងជើងអ៊ុយក្រែន កំពុងបង្កក្តីបារម្ភ ព្រោះរាលកាន់តែជិតតំបន់រោងចក្រនុយក្លេអ៊ែរ Chernobyl ដែលផ្ទុះកាលពី ឆ្នាំ១៩៨៦

  (អ៊ុយក្រែន)៖ ភ្លើងឆេះព្រៃដែលបានបន្តឆេះ ប៉ុន្មានថ្ងៃមកហើយ នៅភាគខាងជើង ប្រទេសអ៊ុយក្រែន នាពេលនេះ កំពុងតែបង្កជាក្តីព្រួយបារម្ភ ព្រោះវាកំពុងខិតកាន់តែកៀក ទីតាំងសោកនាដកម្មនៃរោងចក្រ ថាមពលនុយក្លេអ៊ែរ Chernobyl។

នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។ យោងតាមអាជ្ញាធរអ៊ុយក្រែន ប្រចាំនៅតំបន់ខាងលើ ភ្លើងឆេះព្រៃបានបន្តឆាបឆាបនៅទីនោះ តាំងតែពីថ្ងៃទី០៤ ខែមេសា មកម្ល៉េះ ក្រោយពី មានការដុតគុម្ពស្មៅ ហើយចាប់តាំងពីពេលនោះ មក ពួកវាបានរាលដាល ដោយសន្សឹមៗ ទៅកៀកតំបន់រោងចក្រ ថាមពលនុយក្លេអ៊ែរ Chernobyl ដែលត្រូវបានគេបោះបង់ចោល ជាយូរណាស់មកហើយ។

ការតាមការអះអាង ភ្លើងឆេះព្រៃមួយចំនួន ស្ថិតនៅត្រឹមតែ១-២គីឡូម៉ែត្រប៉ុណ្ណោះ ពី Chernobyl។ ទន្ទឹមគ្នានេះ ភ្នាក់ងារពន្លត់អគ្គីភ័យ ជាង៣០០នាក់ ព្រមទាំងបរិក្ខាពិសេសៗ ជាច្រើនគ្រឿង កំពុងបន្តខិតខំប្រឹងប្រែង ពន្លត់ភ្លើងឆេះព្រៃទាំង នោះនៅលើដី ហើយឧទ្ធម្ភាគចក្រនិងយន្តហោះ ប្រមាណ០៦គ្រឿង កំពុងព្យាយាមពន្លត់ ពីលើអាកាស។

ពាក់ព័ន្ធនឹងបញ្ហាភ្លើងឆេះព្រៃនេះ រដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថា វាពុំបង្កហានិភ័យ អ្វីដល់រោងចក្រនុយក្លេអ៊ែរ Chernobyl នោះទេ។ គួរជម្រាបថា រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyle និងក្រុង Pripyat ដែលនៅក្បែរនោះ ត្រូវបានគេបោះបង់ចោល ចាប់តាំងពីឆ្នាំ១៩៨៦ នៅពេលរ៉េអាក់ទ័រលេខ៤របស់វា បានផ្ទុះឡើង  ដែលជាហេតុ បង្កឲ្យសាយភាយជាតិវិទ្យុសកម្ម ពាសពេញមួយផ្នែកធំមួយទ្វីបអឺរ៉ុប ប៉ុន្តែតំបន់ ដែលនៅក្បែររោងចក្រនោះ  បានរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ហើយរយៈចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ជុំវិញរោងចក្រ Chernobyl ត្រូវបាន ហាម ឃាត់ មិនឲ្យមានការតាំងទីលំនៅឡើយ ព្រោះតែភាពគ្រោះថ្នាក់នៃកម្រិតវិទ្យុសកម្ម៕

ដកស្រង់ពី៖ Fresh News