បណ្តាញសង្គម

អូស្ត្រាលី អាចនឹងបន្តអនុវត្តវិធានការរឹតត្បិត ជាច្រើនសប្តាហ៍ទៀត ដើម្បីទប់ស្កាត់ COVID-19

(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសសុន (Scott Morrison) បានប្រកាសថា ប្រទេសអូស្ត្រាលី អាចនឹងនៅតែបន្តអនុវត្តវិធានការរឹតត្បិត ជាច្រើនសប្តាហ៍ ទៅមុខទៀត បើទោះជាចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអភិវឌ្ឈន៍មួយនេះ មានការធ្លាក់ចុះបន្តិចទៅវិញក៏ដោយ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។ លោក Morrison បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃអង្គារនេះថា វិធានការដែលបានណែនាំដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ COVID-19 ដែលរាប់បញ្ជូលទាំងរយៈពេល នៃការដាក់ ឲ្យនៅដាច់ដោយឡែក ក៏ដូចជាវិធានការគម្លាតសង្គម និងការបិទអាជីកម្មដែលមិនចាំបាច់នានា នឹងត្រូវអូសបន្លាយជាច្រើនសប្តាហ៍ ទៅមុខទៀត។

លោកនាយករដ្ឋមន្ត្រីនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបានឃើញគំរូកន្លែងជាច្រើនរួចហើយដូចជា នៅប្រទេសសិង្ហបុរី និងស៊ុយអែត រួមទាំងប្រទេសមួយចំនួន មានករណីផ្ទុះរីករាលដាលនៃជំងឺដ៏កាចសាហាវនេះម្តងទៀត។ ដូច្នេះយើងមិនចង់រឿងរ៉ាវបែបនេះកើតមានឡើងនៅអូស្ត្រាលីទេ»។

គួរជម្រាបថា សន្ទុះនៃការឆ្លងរីករាលដាល នៃជំងឺ COVID-19 នៅក្នុងប្រទេសអូស្ត្រាលីបានថយចុះគួរឲ្យកត់សម្គាល់ នៅក្នុងខែមេសានេះ។ បើយោងតាមគេហទំព័រ Worldmeters.info ប្រទេសមួយនេះបានកត់ត្រាចំនួនអ្នកឆ្លងថ្មីៗ ចំនួន ៣៥ ករណីបន្ថែមទៀតនៅថ្ងៃអង្គារ ទី១៤ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ ៦,៣៩៤ ករណី ក្នុងនោះ ៦១ នាក់ស្លាប់ និង ៣,៤៩៤ នាក់បានជាសះស្បើយឡើងវិញ៕

ដកស្រង់ពី៖ Fresh News