បណ្តាញសង្គម

អត្រាអ្នកឆ្លង COVID-19 ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង បន្តធ្លាក់ចុះទាបគឺត្រឹមជាង២០នាក់ រីឯអ្នកជំងឺជាង៧៣ភាគរយជាសះស្បើយ

 (សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ២២ ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ កើនដល់១០,៦១៣ ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។

កូរ៉េខាងត្បូង ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសបានរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺ COVID-19 នៅអាស៊ីបន្ទាប់ចិននោះ ឥឡូវនេះបានស្គាល់នូវអត្រា អ្នកឆ្លងថ្មីៗប្រចាំថ្ងៃស្ថិតនៅក្រោមខ្ទង់៥០ សម្រាប់រយៈពេល ០៨ថ្ងៃជាប់ៗគ្នាមកហើយ។

ក្នុងចំណោមករណីឆ្លងថ្មីៗ នាប៉ុន្មាន ថ្ងៃចុងក្រោយ នេះទៀតសោត គឺមានមួយផ្នែកជាករណីនាំចូលពីប្រទេសខាងក្រៅ តួយ៉ាងដូចជាករណីឆ្លងថ្មីៗទាំង ២២ករណី ដែលបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះជាដើមគឺមាន ១១ករណីជាករណីនាំចូលពីក្រៅ។ទន្ទឹមនឹងនោះ អ្នកជំងឺ ដែលបានជាសះស្បើយឡើងវិញនៅក្នុងរយៈពេលដដែលនេះមានចំនួន ១៤១នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសរុបកើនដល់ ៧,៧៥៧ករណី ឬស្មើនឹងជាង៧៣ភាគរយនៃករណីអ្នកឆ្លងសរុបនៅទូទាំងប្រទេស។

ដោយឡែកសម្រាប់ករណីស្លាប់ថ្មីមាន ០៤ ករណី ដែលនាំឲ្យចំនួនករណីស្លាប់នៅទូទាំងប្រទេសបានកើនដល់ ២២៩នាក់។ គួរជម្រាបថា ទោះបីជាកូរ៉េខាងត្បូង បានក្លាយជាប្រទេសមានភាពធូរស្រាល ជាក់ស្តែងពីការវាយប្រហារដោយជំងឺ COVID-19 បន្តិចទៅហើយក្តី ក៏ប្រទេសនេះ នៅតែមិនបន្ធូរដៃ ក្នុងការតាមដាន និងធ្វើតេស្តរកអ្នកឆ្លងនោះដែរ ព្រោះមួយរយៈចុងក្រោយនេះ ករណីនាំចូលជំងឺពីក្រៅប្រទេស និងការកើតមានករណីឆ្លងជាចង្កោមតូចៗ នៅតែបន្តកើតមានឡើង៕

ដកស្រង់ពី៖ Fresh News