បណ្តាញសង្គម

លោក ស៊ីនហ្សូ អាបេ កំពុងត្រៀមប្រកាសដាក់ប្រទេសជប៉ុនទាំងមូល «ក្នុងគ្រាអាសន្ន»

 (តូក្យូ)៖ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ កំពុងត្រៀមប្រកាសដាក់ប្រទេសជប៉ុនទាំងមូល ក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ COVID-19 បន្ទាប់ករណីឆ្លង បន្តកើនឡើងជាបន្តបន្ទាប់។

នេះបើតាមកាសែតជប៉ុន Yomiuri ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។ លោក អាបេ កាលពីថ្ងៃទី៧ ខែមេសា បានប្រកាសដាក់ទីក្រុងតូក្យូ ទីក្រុងអូសាកា និងខេត្តចំនួន៥ផ្សេងទៀត ក្នុងគ្រាអាសន្ន រហូតដល់ថ្ងៃទី៦ ខែឧសភា។

ដោយឡែក បើតាមកាសែត Yomiuri ការប្រកាសដាក់ប្រទេសជប៉ុនទាំងមូល ក្នុងគា្រអាសន្ន អាចនឹងមានរយៈពេលដូចគ្នានេះដែរ ប៉ុន្តែខាងរដ្ឋាភិបាល ទីក្រុងតូក្យូ មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីជុំវិញសេចក្ដីរាយការណ៍របស់ Yomiuri នៅឡើយទេ។

គួរជម្រាបថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន ជប៉ុនមានអ្នកឆ្លង COVID-19 ៨,៦២៦នាក់ ក្នុងនោះស្លាប់ ១៧៨នាក់ និងជាសះស្បើយ ៩០១នាក៕

ដកស្រង់ពី៖ Fresh News