បណ្តាញសង្គម

អ្នកស៊ីឈ្នួលជីកផ្នូរនៅឥណ្ឌូណេស៊ី ស្ទើរតែគ្មានពេលសម្រាក ព្រោះមនុស្សស្លាប់ដោយសារ COVID-19 កើនឡើងជាប្រចាំ

  (ហ្សាការតា)៖ ក្រោមកម្ដៅព្រះអាទិត្យ ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បុរសស៊ីឈ្នួលជីកផ្នូរម្នាក់ ឈ្មោះ មីណា (Minar) បានរៀបរាប់ពីការងាររបស់ខ្លួន កំឡុងការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដែលធ្វើឱ្យរូបគេ សឹងតែគ្មានសូម្បីតែពេលសម្រាក។

នៅក្នុងបទសម្ភាសន៍ជាមួយ CNA លោក Minar អាយុ ៥៤ឆ្នាំ បាននិយាយថា ក្នុងនាមជាអ្នកស៊ីឈ្នួលជីកផ្នូរ  លោកមិនដែលរវល់ ដូចសព្វថ្ងៃនោះទេ នៅឯទីបញ្ចុះសព ផុនដុក រ៉ាងហ្គន (Pondok Rangon) នៃភាគខាងកើតទីក្រុងហ្សាការតា។

ចាប់តាំងពីទីក្រុងហ្សាការតា បានរាយការណ៍ពីករណីស្លាប់ដំបូង ដោយសារជំងឺ COVID-19 នៅពាក់កណ្ដាលខែមីនាមក ចំនួនអ្នកជំងឺស្លាប់ បានបន្តកើនឡើងជាបន្តបន្ទាប់ ធ្វើឱ្យអ្នកស៊ីឈ្នួលជីផ្នូរដូចជាលោក Minar ត្រូវធ្វើការ សឹងតែគ្មានពេលសម្រាក។ បុរសរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ការងាររបស់ខ្ញុំឥឡូវ  ខុសប្លែកពីមុនឆ្ងាយណាស់... ខ្ញុំសឹងតែគ្មានពេលសម្រាក។

ខ្ញុំពិតជាហត់នឿយណាស់ ព្រោះមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះខ្ញុំពិតជាហត់នឿយ  ដែលត្រូវជីកផ្នូរ គ្មានឈប់ឈរ»។

គួរជម្រាបថា បើតាម worldometers គិតត្រឹមថ្ងៃអង្គារម្សិលមិញ មានករណីឆ្លងជំងឺ COVID-19 សរុប ៧,១៣៥ករណី ក្នុងនោះស្លាប់៦១៦នាក់ ឬមានអត្រាមរណ ៩ភាគរយ ខ្ពស់ជាគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈអ្នកជាសះស្បើយមាន ៨៤២នាក់។ ចំណែកឯ ទីក្រុងហ្សាការតាវិញ បានរ៉ាប់រ៉ង់ចំនួនអ្នកស្លាប់ ដោយសារ COVID-19 ច្រើនជាងគេ ដោយមានមនុស្សស្លាប់ជាង ៣០០នាក់៕

ប្រភព៖ CNA (ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០)

ដកស្រង់ពី៖ Fresh News