បណ្តាញសង្គម

អឺរ៉ុបទុកពេល ១សប្តាហ៍ ឲ្យរុស្ស៊ី បន្ថយភាពតានតឹង នៅអ៊ុយក្រែន ជាថ្នូរនឹងទណ្ឌកម្មថ្មី

ព្រុចសែល៖ ប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប លោក ហ័រម៉ាន់ វ៉ាន់ រុំពុយ បានប្រាប់ អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ច ប្រជុំកំពូលពិសេសមួយ ដែលបានធ្វើឡើង នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា មេដឹកនាំសហភាពអឺរ៉ុប បានសម្រេចចិត្តរួចហើយ នៅព្រឹកថ្ងៃអាទិត្យ ដោយទុករយៈពេលមួយសប្តាហ៍ ឲ្យប្រទេសរុស្ស៊ី ដើម្បីបន្ថយភាព តានតឹងក្នុងវិបត្តិនៅ អ៊ុយក្រែនវិញ បើមិនដូច្នេះទេ សហគមន៍អឺរ៉ុប នឹងរឹតបន្តឹងទណ្ឌកម្មថ្មី ទៅលើរដ្ឋាភិបាលទី ក្រុងមូស្គូជាក់ជាមិនខាន។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើក ឡើងរបស់លោក វ៉ាន់ រុំពុយថា «ក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលយក ជំហានយ៉ាងសំខាន់បន្ថែមទៀត នៅក្នុងពន្លឺ នៃការវិវឌ្ឍន៍ ស្ថានភាពនៅលើទឹកដីនេះ ហើយខ្លួនក៏បានស្នើដល់ គណៈកម្មាធិការអឺរ៉ុប ដើម្បីរៀបចំការងារ បន្ទាន់មួយសម្រាប់ ពិចារណា ការដាក់ទណ្ឌកម្ម ដល់រុស្ស៊ី ក្នុងរយៈពេល មួយសប្តាហ៍ទៀត»។

ចំណែកលោក ចូសេ ម៉ាន់នូអែល បារ៉ូសូ ប្រធានគណៈកម្មការ អឺរ៉ុប ក៏បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌ មាននោះដែរថា អឺរ៉ុបមិនបានពិចារណា អំពីដំណោះស្រាយផ្នែកយោធា ចំពោះវិបត្តិនៅ អ៊ុយក្រែននោះទេ។

លោកថា «គ្មានដំណោះស្រាយ យោធាចំពោះវិបត្តិនេះ នោះទេ វាជាពេលដែលអ្នកគ្រប់គ្នា ត្រូវផ្សះផ្សាគ្នា ដើម្បីធ្វើឲ្យមាន សន្តិភាព វាមិនទាន់យឺតពេលនោះទេ ប៉ុន្តែយើងត្រូវធ្វើវាឲ្យបានឆាប់រហ័ស»។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងវិបត្តិនៅ អ៊ុយក្រែននេះ កាលពីថ្ងៃពុធ កន្លងទៅ អ៊ុយក្រែន និងប្រទេសលោក ខាងលិច បានចោទប្រកាន់ ប្រទេសរុស្ស៊ី ថាបានចាប់ផ្តើមការលុកលុយជាថ្មី ទៅលើភាគខាងកើតអ៊ុយក្រែន ដោយ បានបញ្ជូនកងកម្លំាង និងសម្ភារៈសឹកទៅទីនោះ ប៉ុន្តែភ្លាមៗនោះ ក៏ត្រូវភាគីរុស្ស៊ី ចេញមុខច្រានចោលផងដែរ៕

ដកស្រងពីគេហទំព័រ៖ ដើមអម្ពិល (DAP) v