បណ្តាញសង្គម

ជប៉ុនកំពុងពិចារណា «អូសបន្លាយពេលវេលាដាក់ប្រទេសក្នុងគ្រាអាសន្ន» ព្រោះការរាតត្បាតជំងឺ COVID-19 នៅតែធ្ងន់ធ្ងរ

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា  រដ្ឋាភិបាលរបស់លោក នឹងប្រឹក្សាយោបល់ ជាមួយក្រុមអ្នកជំនាញជុំវិញសេចក្តីសម្រេចថា តើគួរតែអូសបន្លាយពេលវេលា នៃការដាក់រដ្ឋក្នុងស្ថានភាពអាសន្នឲ្យហួសពីថ្ងៃទី០៦ ខែឧសភាខាងមុខនេះដែរ ឬក៏យ៉ាងណា។

នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។ លោក អាបេ បានធ្វើការកត់សម្គាល់ខាងលើ តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅក្នុងរដ្ឋសភាកាលពីថ្ងៃពុធសម្សិលមិញនេះ។ នាឪកាសនោះលោក បានលើកឡើងយ៉ាងដូច្នេះថា  «យើងចង់ពិគ្រោះយោបល់ ជាមួយក្រុមអ្នកជំនាញ ជុំវិញការអូសបន្លាយពេលបន្ថែមទៀត  សម្រាប់ការដាក់ប្រទេស ក្នុងស្ថានភាពអាសន្ន»។

ក្នុងពេលជាមួយគ្នានោះ លោកក៏បានបញ្ជាក់ដែរថា ស្ថានការណ៍ជុំវិញការរីករាលជំងឺ COVID-19 នៅក្នុងប្រទេសនៅតែធ្ងន់ធ្ងរនៅឡើយ។ គួរជម្រាបថា នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ  បានប្រកាសពីភាពអាសន្ នទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅនេះ ហើយនឹងត្រូវផុតកំណត់ទៅវិញនៅថ្ងៃទី០៦ ខែឧសភាខាងមុខនេះ។

វិធានការនេះត្រូវបានធ្វើឡើង ដើម្បីបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យស្ថិតនៅតែក្នុងផ្ទះ និងអាជីវកម្មមួយចំនួនត្រូវបិទទ្វារ ខណៈច្បាប់ប្រទេសនេះ មិនបានអនុញ្ញាតឲ្យមានវិធានការ បិទប្រទេសដោយបង្ខំនោះទេ។

ជាមួយនឹងការខិតកាន់តែជិតមកដល់ នៃកាលបរិច្ឆេទផុតកំណត់ នៃសេចក្តីប្រកាសអាសន្នថ្នាក់ជាតិខាងលើ ដែលចំពេលចុងបញ្ចប់ថ្ងៃបុណ្យជាតិ នៃសប្តាហ៍មាសខាងមុខនេះ វាបានបង្ហាញសញ្ញាគួរឲ្យព្រួយបារម្ភ កាន់តែខ្លាំង ជុំវិញការផ្ទុះឡើង សាជាថ្មី នៃជំងឺ COVID-19 នៅក្នុងសហគមន៍។

នៅថ្ងៃពុធនេះ ជប៉ុនបានរកករណីឆ្លងថ្មីៗចំនួន ៧០ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសដីកោះមួយនេះកើនដល់ ១៣,៩៦៥ករណី ដោយក្នុងស្លាប់ ៤២៥នាក់ និងជាសះស្បើយចំនួន ២,៣៦៨នាក់៕

ដកស្រង់ពី៖ Fresh News