បណ្តាញសង្គម

ហ្វីលីពីន៖ មនុស្សរាប់សែននាក់ត្រូវជម្លៀសខ្លួនដោយសារព្យុះទីហ្វុងកំណាច និងត្រូវរក្សាគម្លាតសុវត្ថិភាពមួយតង់ទៀតចំពោះមុខ COVID-19

  (ម៉ានីល)៖ មនុស្សរាប់សែននាក់នៅឯប្រទេសហ្វីលីពីន បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង  ដើម្បីទៅជ្រកកោន នៅតាមទីជម្រកសុវត្ថិភាព ដោយសារតែការវាយប្រហារ ពីព្យុះទីហ្វុងកំណាចមួយ ហើយស្របពេលជាមួយគ្នា ក៏ត្រូវបានអនុវត្តវិធានការគម្លាតសុវត្ថិភាព ដើម្បីការពារខ្លួនពីជំងឺ COVID-19 ផងដែរ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។ ព្យុះទីហ្វុងឈ្មោះថា វ៉ុងហ្វុង (Vongfong) បានបោកបក់ទៅដល់កោះ សាម៉ារ (Samar) ភាគកណ្តាលប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ការមកដល់នៃព្យុះទីហ្វុងនេះ គឺស្របពេលដែលប្រជាជនហ្វីលីពីនរាប់សិបលាននាក់ កំពុងព្យាយាមសំងំនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ប៉ុន្តែដោយសារតែវា មនុស្សយ៉ាងហោចណាស់ ១៤១,៧០០នាក់បានបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីទៅរកកន្លែងសុវត្ថិភាព។

អាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ការវាយប្រហារនៃព្យុះទីហ្វុង Vongfong គឺកើតមានឡើងចំពេលដែលជំងឺ COVID-19 កំពុងបន្តយាយីលើប្រទេសហ្វីលីពីន ដូច្នេះហើយពួកគេកំពុងប្រឹងប្រែងអនុវត្ត វិធានការបង្ការសម្រាប់ប្រជាជន ដែលជ្រកកោននៅតាមមជ្ឈមណ្ឌលសុវត្ថិភាព តាមរយៈការចែកម៉ាស និងការរក្សាគ្រួសារនីមួយៗឲ្យនៅម្តុំៗ កុំឲ្យមានការឡូកឡំគ្នាជាដើម។

គួរជម្រាបថា បើតាមអាជ្ញាធរហ្វីលីពីន តំបន់ភាគកណ្តាលដែលព្យុះ បានបកបក់ទៅដល់ដំបូង គឺមិនមែនជាកន្លែង មានការឆ្លងរាលដាលខ្លាំងនៃ COVID-19 ឡើយ ហើយទោះបីវាកំពុងបន្តរំកិលឆ្ពោះទៅភាគខាងជើងប្រទេស អាជ្ញាធរឧតុនិយមហ្វីលីពីន រំពឹងថា វានឹងថមថយឥទ្ធិពល។

ព្យុះទីហ្វុង Vongfong នេះហាក់មិនទាន់បង្កឲ្យមានមនុស្សស្លាប់នៅហ្វីលីពីននោះទេ៕

ដកស្រង់ពី៖ Fresh News