បណ្តាញសង្គម

យន្តហោះខ្នាតតូចពីរគ្រឿងបុកគ្នា និងធ្លាក់ចូលបឹងមួយនៅអាមេរិក, មនុស្ស៨នាក់ស្លាប់

(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោចចំនួន ០៨នាក់ត្រូវបានគេជឿជាក់ថា បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ យន្តហោះខ្នាតតូចពីរគ្រឿងបុកគ្នា នៅលើផ្ទៃបឹងមួយកន្លែង ស្ថិតក្នុងរដ្ឋអ៉ីដាហូ (Idaho) នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

បើតាមការប្រកាសព័ត៌មាន ដោយការិយាល័យតម្រួតក្នុងតំបន់បានឲ្យដឹងថា  ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២៖២០នាទីរសៀលថ្ងៃអាទិត្យ ទី០៥ ខែកក្កដា (ពេលវេលានៅអាមេរិក)។

សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សរុបមានអ្នកដំណើរ និងអ្នកបើកបរចំនួន  ០៨នាក់ នៅលើយន្តហោះទាំងពីរបានស្លាប់ ក្នុងនោះ ០២នាក់ ត្រូវបានរកឃើញសាកសព និង ០៦នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។

ប្រភពដដែលខាងលើនេះបានបន្ថែមទៀតថា តួយន្តហោះទាំងពីរគ្រឿង ដែលបានបុកគ្នា ត្រូវបាន ក្រុមជំនាញមុជទឹកសូណា (sonar)កំណត់ទីតាំងរួចហើយថា កំពុងស្ថិតនៅក្នុងបាតបឹងដែលមានជម្រៅ ៣៨.៧ម៉ែត្រ  ខណៈប្រតិបត្តិការស្វែងរកសាកសព កំពុងបន្តធ្វើឡើង។ 

ដោយឡែកមូលហេតុ ដែលបានបង្កគ្រោះថ្នាក់ ចរាចរណ៍ផ្លូវអាកាស ខាងលើនេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕

ដកស្រង់ពី៖ Fresh News