បណ្តាញសង្គម

ព្យុះទីហ្វុងដ៏កំណាចមួយ កំពុងបោកបក់សំដៅមក ទីក្រុងតូក្យូ ប្រទេសជប៉ុន

តូក្យូ៖ ខ្យល់ព្យុះទីហ្វុង ដ៏កំណាចមួយ ត្រូវបានក្រុមឧតុនិយម ជប៉ុន អះអាងថា កំពុងសំដៅមកកាន់ ទីក្រុងតូក្យូ នៅថ្ងៃចន្ទនេះ បន្ទាប់ពី វាបង្កឲ្យ មានការបាក់ដី និងភ្លៀងធ្លាក់ យ៉ាងគំហុក នៅភាគកណ្តាល ប្រទេសជប៉ុន ដែលមានកម្រិត រហូតដលទៅ ៨៥ មីលីម៉ែត្រ ក្នុងមួយម៉ោងកាល ពីព្រឹកនេះរួចមក។

ទីភ្នាក់ងារ ព័ត៌មាន ក្យូដូ ចេញផ្សាយ នៅថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០១៤ នេះទៀតថា ភ្លៀងធ្លាក់ខ្លាំង និងការរអិល បាក់ដី ដែលបង្ក ឡើង ដោយព្យុះ ទីហ្វុង ផានហ្វុន បានបណ្តាលឲ្យ មនុស្សម្នាក់ស្លាប់ និង ៣នាក់ទៀតបាត់ខ្លួន ។

ព្យុះទីហ្វុងនេះ បានធ្វើបម្លាស់ទី ពីមហាសាគរ ប៉ាស៊ីហ្វិក ក្បែរខេត្ត ហាម៉ាម៉ាត់ស៊ូ និង ស៊ីហ្ស៊ូកា កាលពី វេលាម៉ោង ៨ព្រឹក ហើយវាត្រូវ គេរំពឹងថា នឹងធ្វើដំណើរ ទៅកាន់ភាគឦសាន ប្រទេស ក្នុងនោះទីក្រុង តូក្យូ នឹងទទួលរង ការវាយប្រហារ ខ្លាំងជាងគេ មុនពេលដែល ព្យុះនេះថមថយ ឥទ្ធិពលនៅ ល្ងាចថ្ងៃ ដដែល។

 គួរបញ្ជាក់ថា មនុស្សដែលបាត់ខ្លួន ទាំងបីនាក់នោះ គឺជានាយទាហាន អាម៉េរិក ដែលត្រូវបាន ទឹកជំនន់ ដែលមាន រលកធំៗ បោកបក់យកទៅ នៅខេត្ត អូគីណាវ៉ា ក្នុងនោះម្នាក់ ត្រូវបានគេ ប្រទះឃើញថា ស្លាប់ ហើយ ។

រហូតមកដល់ពេលនេះ ប្រជាជន នៅខេត្ត ស៊ីហ្ស៊ូកា ចំនួន ៦៦៧.០០០នាក់ ត្រូវបានអាជ្ញាធរ ព្រមានឲ្យជម្លៀស ខ្លួនចេញ ដោយសារ ស្ថានការណ៍ជំនន់ ទឹកភ្លៀង នឹងអាចកាន់តែ អាក្រក់ជាងនេះ ថែមទៀត ៕

ដកស្រង់ពី៖ ដើមអម្ពិល