បណ្តាញសង្គម

អាល្លឺម៉ង់ បំបែកកំណត់ត្រាថ្មី! ១ថ្ងៃ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ ជិត ១៥,០០០ករណី និងស្លាប់ ៨៥នាក់បន្ថែមទៀត

  (ប៊ែរឡាំង)៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ នៅថ្ងៃពុធនេះបានឲ្យដឹងថា គ្រាន់តែ ២៤ម៉ោងកន្លងទៅ អាល្លឺម៉ង់បានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ១៤,៩៦៤នាក់ ដែលជាចំនួនមួយខ្ពស់បំផុតពុំធ្លាប់មាន ខណៈចំនួនករណីសរុបកើនដល់ ៤៦៤,២៣៩នាក់។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។ យោងតាមវិទ្យាស្ថានអាល្លឺម៉ង់ Robert Koch (RKI) នាព្រឹកថ្ងៃអង្គារនេះ (ពេលវេលានៅអាល្លឺម៉ង់) បានឲ្យដឹងថា ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លង អាល្លឺម៉ង់ក៏បានរកឃើញករណីស្លាប់ថ្មីចំនួន ៨៥នាក់ទៀតផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបនៅក្នុងប្រទេសកើនដល់ ១០,១៨៣នាក់។

រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 កាលពីសប្តាហ៍មុន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយនៅថ្ងៃពុធនេះថា«យកល្អត្រូវតែបំបែករលក COVID-19 ឥឡូវនេះ បើបណ្តោយរហូតទាល់តែមន្ទីរពេទ្យរកកន្លែងដាក់អ្នកជំងឺគ្មាន នៅពេលនោះគឺយឺតពេលហើយ»។

គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ស្ថានការណ៍ COVID-19 ជារួមនៅអឺរ៉ុប កាន់តែអាក្រក់ឡើងៗ ខណៈចំនួនករណីឆ្លង និងស្លាប់បានកើនឡើងយ៉ាងគំហុក ដែលបានបង្ខំឲ្យប្រទេសមួយចំនួន ចាត់វិធានការបិទទ្វាប្រទេសឡើងវិញ៕

ដកស្រង់ពី៖ Fresh News