បណ្តាញសង្គម

ការវាយប្រហារ ​តាម​អាកាស​ដឹកនាំ​ដោយ​ ស​.​រ​.​អា​ សម្លាប់​ពួក ​សកម្មប្រយុទ្ធ​ជាង ​៥០០​នាក់ ​នៅ​ស៊ី​រី

ការវាយប្រហារ តាមអាកាស ដឹកនាំដោយ ស.រ.អា នៅក្នុងប្រទេសស៊ីរី ត្រូវបានគេរាយការណ៍ នៅថ្ងៃ ព្រហស្បតិ៍ថា បានសម្លាប់ពួកជីហ៊ាដនិយមជាង ៥០០នាក់ នៅក្នុងរយៈពេលមួយ នៅពេលពួកយុទ្ធជន ឃើដ បានត្រៀមខ្លួន បន្ថែមកម្លាំង នៅក្នុងទីក្រុង កូបានី ជាប់ព្រំដែន។

ការប្រយុទ្ធ ដើម្បីដណ្តើម យកទីក្រុង កូបានី បានក្លាយទៅ ជារឿងសំខាន់បំផុត សម្រាប់ក្រុម រដ្ឋអ៊ីស្លាម ហើយនិងពួកប្រឆាំង របស់ខ្លួន ដោយមន្ត្រី ស.រ.អា ជាន់ខ្ពស់ម្នាក់និយាយថា ពួកឃើដ នៅទីនោះកំពុង ធ្វើឲ្យពួកជីហ៊ាដ និយមខាតបង់ យ៉ាងធ្ងន់ធ្ងរ ។ ពួកឃើដនៅក្នុងទីក្រុង កូបានី បាននឹងកំពុងទប់ទល់ ប្រឆាំងនឹង រដ្ឋអ៊ីស្លាម អស់រយៈពេលជាងមួយខែ ដែលត្រូវបានលើកទឹកចិត្ត ដោយការសន្យាមួយ ពីការបន្ថែមកម្លាំង របស់ពួកឃើដអ៊ីរ៉ាក់ និងដោយការទម្លាក់អាវុធ តាមអាកាសរបស់ ស.រ.អា ។

ប្រធានាធិបតី ទួរគី លោករ៉េសេប តាយយិប អ៊ើដូហ្កាន (Erdogam) បាននិយាយនៅថ្ងៃ ព្រហស្បតិ៍ថា ពួកយុទ្ធជនឃើដ អ៊ីរ៉ាក់២០០នាក់ នឹងធ្វើដំណើរឆ្លងកាត់ ប្រទេសរបស់លោក ដើម្បីចូលរួមប្រយុទ្ធនៅទីក្រុង កូបានី ដែលរដ្ឋអ៊ីស្លាម មានពួកសកម្មប្រយុទ្ធ ប្រមាណ ១០០០នាក់នោះ។

ស.រ.អា  និងពួកសម្ព័ន្ធមិត្ត អារ៉ាប់ របស់ខ្លួន បាននឹងកំពុងបង្កើត ការវាយប្រហារ តាមអាកាសទៅលើ រដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី។ ទីបញ្ជាការកណ្ដាល ស.រ.អា បាននិយាយនៅក្នុងការ ផ្តល់ទិន្នន័យថ្មីបំផុត របស់ខ្លួនថា ការវាយឆ្មក់ថ្មីៗ នៅជិតទីក្រុងនោះ បានកំទេច ទីតាំងប្រយុទ្ធ របស់រដ្ឋអ៊ីស្លាម រថយន្តមួយគ្រឿង មជ្ឈមណ្ឌលបញ្ជាការ និងត្រួតពិនិត្យមួយកន្លែង៕

ដកស្រង់ពី៖កម្ពុជាថ្មី