បណ្តាញសង្គម

អ៊ីស្រាអែល បញ្ជូនអវកាសយានិកទី ២ របស់ខ្លួនទៅកាន់ទីអវកាស

មន្ត្រីអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ប្រទេសខ្លួន នឹងបញ្ជូនអវកាសយានិក ទៅកាន់ទីអវកាសនៅឆ្នាំ ២០២១ ជាលើកទី ២ ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយដោយប្រធានា-ធិបតីអ៊ីស្រាអែលលោក Reuven Rivlin និងលោក Ran Livne អគ្គនាយកមូលនិធិ Ramon ដែលជាក្រុមមិនរកប្រាក់ចំណេញ និងជាអ្នកសម្របសម្រួលបេសកកម្មមួយនេះ។

លោក Eytan Stibbe មានអាយុ ៦២ ឆ្នាំ ជាអតីតអ្នកបើកយន្តហោះយោធា ត្រូវបានគេរំពឹងថា នឹងចេញដំណើរនៅចុងឆ្នាំ ២០២១ សម្រាប់បេសកកម្មវិទ្យាសាស្ត្រ នៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ។

លោក Stibbe នឹងចំណាយពេលប្រហែល ២០០ ម៉ោងនៅក្នុងទីអវកាសដើម្បីអនុវត្តន៍ការពិសោធវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រជាបន្តបន្ទាប់ ដែលត្រូវបានរចនាឡើងដោយអ្នកស្រាវជ្រាវអ៊ីស្រាអែល។

ការបណ្តុះបណ្តាលរបស់លោក ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅប៉ុន្មានខែខាងមុខនេះ។ ប្រហែលជា ៣ ខែមុនពេលហោះ លោក នឹងចាប់ផ្តើមការបណ្តុះបណ្តាលខ្លាំងក្លានៅសហរដ្ឋអាមេរិក អាឡឺម៉ង់ និងរុស្ស៊ី នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។