បណ្តាញសង្គម

សហរដ្ឋអាមេរិកគ្រោងចាក់ វ៉ាក់សាំងកូវីដ-១៩ជូនប្រជាជន យ៉ាងហោចណាស់ «១០០លាននាក់» នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២១

  (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកសង្ឃឹមថា អាចនឹងចាក់វាក់សាំង COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនយ៉ាងហោច ១០០លាននាក់ នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ ដោយក្នុងមនុស្សម្នាក់ អាចនឹងទទួលបានការចាក់វ៉ាក់សាំង ០២ដូស។

នេះបើតាមការលើកឡើងរបស់ មន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិកម្នាក់ ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

ការចាក់វ៉ាក់សាំង COVID-19 នៅក្នុងសហរដ្ឋអាមេរិក អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែធ្នូនេះ ពោលគឺមុនបុណ្យណូអែល នៅពេលវ៉ាក់សាំងរបស់ក្រុមហ៊ុន ឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech និងក្រុមហ៊ុនឱសថអាមេរិក Moderna ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់។

នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ម៉ុនសេហ្វ ស្លាវី (Moncef Slaoui) ជាទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រកម្មវិធីវ៉ាក់សំាង នៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «នៅចន្លោះពាក់កណ្ដាលខែធ្នូនេះ និងចុងខែកុម្ភៈឆ្នាំ២០២១ យើងនឹងចាក់វ៉ាក់សាំងជូនដល់ប្រជាជន ឲ្យបានយ៉ាងហោច ១០០លាននាក់ ឬស្មើនឹងជិត ៤០ភាគរយ នៃប្រជាជនអាមេរិកពេញវ័យ»។

លោក Slaoui បានបញ្ជាក់បន្ថែមថា មនុស្សចាស់, បុគ្គលិកសុខាភិបាល ឬអ្នកនៅជួរមុខប្រយុទ្ធជាមួយ COVID-19 និងជនងាយរងគ្រោះដទៃ អាចនឹងទទួលបានការចាក់វ៉ាក់សាំងជាអាទិភាព។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech និងក្រុមហ៊ុនអាមេរិក Moderna បានរាយការណ៍ថា លទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ក្នុងដំណាក់កាលចុងក្រោយ គឺមានប្រសិទ្ធភាពលើសពី ៩០ភាគរយ ដែលជាកម្រិតប្រសិទ្ធភាពដ៏ខ្ពស់មួយ។

ទីភ្នាក់ងារឱសថ និងចំណីអាហារអាមេរិក (FDA) នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១០ និងនៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ ដើម្បីសម្រេចថា តើត្រូវអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុនអាមេរិក Moderna ដែរឬក៏យ៉ាងណា៕

ដកស្រង់ពី៖ Fresh News