បណ្តាញសង្គម

តារាជើងចាស់អង់គ្លេស ក្នុងទសវត្សឆ្នាំ ១៩៦០ លោក Ian McKellen ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូង

 (បរទេស)៖ តារាសម្តែងជើងចាស់របស់អង់គ្លេស លោក Ian McKellen ត្រូវបានគេស្គាល់ថា ធ្លាប់សម្តែងជាតួអង្គ Gandalf ក្នុងរឿង «Lord of the Rings» បានបង្ហាញអារម្មណ៍រីករាយ និងមានក្តីសុខ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Pfizer ចំនួន១ដូស ដំបូងគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

កន្លែងផ្តល់សេវាសុខភាពជាតិ ហៅកាត់ថា NHS ដែលកំពុងដំណើរការ កម្មវិធីចាក់វ៉ាក់សាំងការពារកូវីដ១៩ បានបង្ហោះរូបភាពពីរបីសន្លឹក របស់តារាសម្តែង McKellen ស្ថិតក្នុងសម្លៀកបំពាក់អាវយឺតពណ៌ខៀវ ខោខ្មៅ ជាមួយនឹងកន្សែងបង់កចម្រុះពណ៌ នៅពេលដែលលោកទៅទទួលវ៉ាក់សាំងលើកទី១។

តារាសម្តែងវ័យ ៨១ឆ្នាំរូបនេះ បាននិយាយថា «នេះជាថ្ងៃពិសេសខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍មានក្តីសុខ។ ខ្ញុំមិនស្ទាក់ស្ទើរឡើយ ក្នុងការផ្តល់យោបល់ទៅអ្នកទាំងអស់គ្នា ព្រោះខ្ញុំមានអារម្មណ៍ថា មានសំណាងពេលបានទទួលវ៉ាក់សាំងរួចហើយ»។

ជាការកត់សម្គាល់ មនុស្សជិត ១៤ម៉ឺននាក់ បានទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុន Pfizer លើកដំបូងរបស់ពួកគេ នៅចក្រភពអង់គ្លេស តាំងពីចាប់ផ្តើមចាក់នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះ មនុស្សដែលមានអាយុច្រើនជាង៨០ឆ្នាំ គឺជាក្រុមដែលមានអាទិភាពខ្ពស់ ក្នុងការទទួលបានការចាក់វ៉ាក់សាំង។

គួរជម្រាបថា លោក McKellen បានក្លាយជាតារាល្បីរបស់ចក្រភពអង់គ្លេស ចុងក្រោយគេបង្អស់ ដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ជាសាធារណៈ ដែលជាផ្នែកមួយនេះកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាដល់សាធារណជនថា វ៉ាក់សាំងការងារកូវីដ១៩ នេះ មានសុវត្ថិភាព៕

ដកស្រង់ពី៖ Fresh News