បណ្តាញសង្គម

WHO ព្រមាន៖ «ខណៈជំងឺកូវីដ-១៩ កំពុងបន្តរាតត្បាតនៅអឺរ៉ុប ចំនួនអ្នកកើត Depression ក៏កំពុងកើនឡើងផងដែរ» (Video inside)

(កូពែនហាក)៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ លោក ហានស៍ គ្លូក (Hans Kluge) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបបានអះអាងថា ខណៈជំងឺរាតត្បាត COVID-19 បាននិងកំពុងបន្តឆ្លងរាលដាល ពាសពេញទ្វីបអឺរ៉ុបនារដូវវិស្សមកាលនេះ បញ្ហាវិបត្តិសុខភាពផ្លូវចិត្ត ក៏នឹងកើនឡើងផងដែរ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។ ទ្វីបអឺរ៉ុបទាំងមូលបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបប្រមាណជា ២៣លានករណី ក្នុងនោះមនុស្សច្រើនជាងកន្លះលាននាក់បានស្លាប់។

លោក Hans Kluge បានទទូចដល់ពលរដ្ឋទាំងអស់ ឲ្យព្យាយាមស្នាក់នៅក្នុងផ្ទះតទៅទៀត។ បន្ថែមពីលើនេះ លោក Kluge ក៏បានកត់សម្គាល់ពីការកើនឡើង នូវចំនួនអ្នកមានបញ្ហាផ្លូវចិត្ត ដែលមនុស្សមួយចំនួនកំពុងប្រឈមផងដែរ ក្នុងនោះរាប់ចាប់ពីបញ្ហាថប់បារម្ភ, ផលប៉ះពាល់ផ្លូវចិត្ត ដោយសារវិធានការរឹតបន្តឹង, ការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក, ផលប៉ះពាល់នៃភាពអត់ការងារធ្វើ, ការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ ហើយផលប៉ះពាល់លើសុខភាពផ្លូវចិត្ត (Depression) ដោយសារជំងឺរាតត្បាតនេះ នឹងបន្តអូសបន្លាយនៅក្នុងរយៈពេលវែង។

យោងតាមការស្ទង់មតិមួយបានបង្ហាញថា ចំនួន ១/៣ ឬច្រើនជាងនេះនៃមនុស្សពេញវ័យ និងចំនួន ១/២ នៃយុវជន (អាយុចន្លោះពី ១៨-២៩ឆ្នាំ) និងរហូតដល់ ២០ភាគរយ នៃបុគ្គលិកថែទាំសុខភាព បាននិងកំពុងប្រឈមបញ្ហាថប់អារម្មណ៍ និងការបាក់ទឹកចិត្តរួចទៅហើយ។

ចំនួនមនុស្សកាន់តែច្រើនបន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងប្រឈមនឹងវិបត្តិសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ប្រការនេះហើយទើបលោក Kluge បានជំរុញឲ្យមានវិធានការដោះស្រាយជាបន្ទាន់ នៅទូទាំងតំបន់អឺរ៉ុប។

នៅជុំវិញបញ្ហាទាំងអស់នេះ លោក Kluge បានអំពាវនាវឲ្យដាក់ចេញនូវសកម្មភាពរួមគ្នា ដើម្បីវិនិយោគបន្ថែមទៀត ទៅលើសេវាកម្មថែទាំសុខភាពផ្លូវចិត្ត ជាពិសេសនៅតាមសហគមន៍ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយឧបសគ្គនានា។

មន្ត្រីអង្គការសុខភាពពិភពលោករូបនេះ ក៏បានសារភាពផងដែរថា នៅក្នុងឆ្នាំនេះលោកបានធ្វើការសម្រេចចិត្ត ដ៏លំបាកក្នុងការចំណាយពេលវិស្សមកាល ឆ្ងាយពីក្រុមគ្រួសារ ប៉ុន្តែលោកសង្ឃឹមថា នៅឆ្នាំក្រោយលោកនឹងអាចជួប មនុស្សជាទីស្រឡាញ់របស់លោកម្តងទៀត៕

ដកស្រង់ពី៖ Fresh News