បណ្តាញសង្គម

សហរដ្ឋអាមេរិកបញ្ចេញ «ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ» ដើម្បីការពារភពផែនដី និងភពនានា ពីការបំពុលរបស់បេសកកម្មអវកាស

(បរទេស)៖ សម្រាប់ការបើកទំព័រឆ្នាំ២០២១ សេតវិមានអាមេរិកបានបញ្ចេញ ផែនការយុទ្ធសាស្រ្តថ្នាក់ជាតិ ស្តីពីការការពារភពនានា ដោយកំណត់នូវការវាយតម្លៃថ្មីៗ ដើម្បីទប់ស្កាត់ការបំពុលភពដទៃ និងការបំពុលភពផែនដីយើងផ្ទាល់។

នេះបើតាមការដកស្រង់ព័ត៌មាន ចេញពីវែបសាយ Space News នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។

ផែនការយុទ្ធសាស្រ្តថ្នាក់ជាតិដើម្បីការពារភព (National Strategy for Planetary Protection ឬ NSPP) ដែលត្រូវបានដឹកនាំអភិវឌ្ឍឡើង ដោយក្រុមប្រឹក្សាជាតិអវកាស និងទីភ្នាក់ងារគោលនយោបាយ បច្ចេកវិទ្យា-អវកាស (OSTP) របស់សហរដ្ឋអាមេរិកបានកំណត់នូវកិច្ចការ ដែលនឹងត្រូវបំពេញនៅក្នុងឆ្នាំ២០២១នេះ ដើម្បីធ្វើបច្ចុប្បន្នភាពគោលនយោបាយ នៃរដ្ឋាភិបាលអាមេរិក ស្តីពីការការពារប្រព័ន្ធភពទាំងឡាយ ដោយពិចារណាលើកត្តាសំខាន់ៗចំនួន ០២ នោះគឺភាពរីកចម្រើននៃផ្នែកបច្ចេកវិទ្យា-វិទ្យាសាស្រ្ត និងការកើនឡើងនៃសមត្ថភាពរបស់វិស័យឯកជន នៅក្នុងការរុករកទីអវកាស។

ផែនការយុទ្ធសាស្រ្តខាងលើត្រូវបានរៀបចំឡើង ដើម្បីអនុវត្តផ្នែកមួយ នៃគោលនយោបាយអវកាសជាតិថ្មីរបស់អាមេរិក ដែលបានចេញកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។ វាជាការអំពាវនាវឲ្យទីភ្នាក់ងារ OSTP ក្រោមកិច្ចសហប្រតិបត្តិការជាមួយ NASA និងទីភ្នាក់ងារពាក់ព័ន្ធដទៃៗទៀត អភិវឌ្ឍគោលការណ៍ណែនាំ ស្តីពីការការពារប្រព័ន្ធភព ហើយធ្វើការជាមួយដៃគូផ្នែកវិទ្យាសាស្រ្ត, ដៃគូផ្នែកពាណិជ្ជកម្ម និងដៃគូអន្តរជាតិនានា ដើម្បីផ្តល់ការពារដល់ប្រព័ន្ធភពផ្សេងៗ និងភពផែនដីផ្ទាល់ ពីការបំពុលជីវសាស្រ្ត ដ៏គ្រោះថ្នាក់។

ផែនការយុទ្ធសាស្រ្តនេះមានគោលដៅធំៗចំនួន ០៣ ក្នុងនោះគឺ

ទី១៖ កាត់បន្ថយហានិភ័យ នៃការបំពុលប្រព័ន្ធភពដទៃ តាមរយៈការនាំយកជីវិតនៅលើផែនដី ទៅកាន់ទីកន្លែងទាំងនោះ,

ទី២៖ កាត់បន្ថយហានិភ័យនៃការបំពុលផែនដី តាមរយៈការនាំយកជីវិតនៅក្រៅផែនដី មកកាន់ភពរបស់យើងវិញ,

ទី៣៖ ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងការការពារប្រព័ន្ធភព ដោយសម្អាងថា បច្ចុប្បន្នវិស័យអវកាសឯកជន កាន់តែរីកចម្រើនខ្លាំងឡើង ហើយក្រុមហ៊ុនជាច្រើនកាន់តែមានចំណាប់អារម្មណ៍ ក្នុងការបញ្ជូនបេសកកម្មរបស់ពួកគេ ទៅកាន់ភពដទៃជាពិសេសភពអង្គារ (Mars) តែម្តង។

គួរបញ្ជាក់ថា យុទ្ធសាស្រ្តខាងលើគឺជាផ្នែកមួយ នៃកំណើនសកម្មភាពរបស់រដ្ឋាភិបាល ទាក់ទងនឹងគោលនយោបាយអវកាសអាមេរិក អំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយ នៃរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ។

ក្រៅពីការបង្កើតកែសម្រួលលើ គោលនយោបាយអវកាសជាតិ សេតវិមានកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ ក៏បានបញ្ចេញផែនការយុទ្ធសាស្រ្ត ស្តីអំពីថាមពលនុយក្លេអ៊ែរក្នុងទីអវកាស ដែលកំណត់នូវអាទិភាពសម្រាប់ ការអភិវឌ្ឍម៉ាស៉ីនផលិតថាមពល ដោយប្រើប្រាស់នុយក្លេអ៊ែរ និងម៉ាស៉ីនធ្វើដំណើរក្នុងអវកាស ដោយប្រើថាមពលនុយក្លេអ៊ែរផងដែរ៕

ដកស្រង់ពី៖ Fresh News