បណ្តាញសង្គម

ប្រធានាធិបតីចិនលោក ស៉ី ជិនពីង ចេញបទបញ្ជាថ្មីមួយសម្រាប់ ការហ្វឹកហ្វឺនកងទ័ពចិន ប្រចាំឆ្នាំ២០២១

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៉ី ជិនពីង នៅថ្ងៃចន្ទនេះបានចុះហត្ថលេខាលើបទបញ្ជាមួយ សម្រាប់ការចាប់ផ្តើមហ្វឹកហាត់កងកម្លាំង ប្រដាប់អាវុធចិនក្នុងឆ្នាំ២០២១។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។ វាជាបទបញ្ជាលើកដំបូងបំផុតរបស់ គណៈកម្មការមជ្ឈិមនៃយោធាចិន ដែលមានលោក ស៉ី ជិនពីង ជាប្រធាន។

បទបញ្ជានេះបានសង្កត់ធ្ងន់នូវ ការបន្តខិតខំប្រឹងប្រែង ពង្រឹងការបង្វឹកកងកម្លាំងយោធាចិន នៅក្នុងស្ថានភាពប្រយុទ្ធជាក់ស្តែង ព្រមទាំងបង្កើនសមត្ថភាព យកជ័យជម្នះលើគូសត្រូវ ហើយបានស្នើឲ្យកម្លាំងប្រដាប់អាវុធចិនគ្រប់ប្រភេទ បន្តធ្វើឲ្យប្រសើរឡើង នូវការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលមានសារៈសំខាន់ជាខ្លាំង ក្នុងសម័យទំនើបនេះ ដើម្បីពង្រីកសមត្ថភាពស្នូលរបស់ខ្លួន ក្នុងការប្រយុទ្ធឲ្យកាន់តែខ្លាំងក្លាថែមទៀត។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២០កន្លងទៅ លោក ស៉ី ជិនពីង ក៏បានចេញបទបញ្ជាដូចគ្នា ដែលផ្តោតលើការហ្វឹកហាត់កងកម្លាំងប្រដាប់ អាវុធនៃប្រទេសលោកឲ្យកាន់តែរឹងមាំផងដែរ ដើម្បីឆ្លើយតបទៅនឹង ស្ថានការណ៍ជាក់ស្តែងនៅក្នុងតំបន់ និងពិភពលោកទាំងមូល៕

ដកស្រង់ពី៖ Fresh News