បណ្តាញសង្គម

កូរ៉េខាងត្បូងរំពឹងទទួលបាន «សារវិជ្ជមាន» ពីប្រទេសកូរ៉េខាងជើង សម្រាប់ការបើកទំព័រឆ្នាំ២០២១

(សេអ៊ូល)៖ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក លី អ៉ីនយុំាង (Lee In-young) បានបង្ហាញក្តីសង្ឃឹមថា លោកនឹងទទួលបានសារវិជ្ជមាន ពីប្រទេសកូរ៉េខាងជើង ស្តីពីទំនាក់ទំនងអន្តរកូរ៉េ ខណៈទីក្រុងព្យុងយ៉ាងត្រូវបានគេរំពឹងថា នឹងរៀបចំសមាជបក្សដ៏កម្រមួយ នៅក្នុងសប្តាហ៍នេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yonhap នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២០។ ការសង្ឃឹមខាងលើនេះត្រូវបានបង្ហាញចេញ នៅក្នុងសុន្ទរកថាតាមប្រព័ន្ធអ៊ិនធើណិត នាឱកាសឆ្នាំថ្មី ផ្ញើជូនបុគ្គលិកនៃក្រសួងរបស់លោក ខណៈដែលកូរ៉េខាងជើងគ្រោងបើក សមាជគណបក្សពលករនៅសប្តាហ៍នេះ ជាលើកដំបូងក្នុងរយៈពេលជាង ៤ឆ្នាំ ចំពេលដែលមានការរំពឹងថា កូរ៉េខាងជើងនឹងបង្ហាញផែនការសេដ្ឋកិច្ច និងទិសដៅគោលនយោបាយ ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងផងដែរ។

លោក Lee In-young បានកត់សម្គាល់ថា ខែដំបូងនៃឆ្នាំ២០២១នេះ ការផ្លាស់ប្តូរនយោបាយជុំវិញជោគវាសនា នៃឧបទ្វីបកូរ៉េ គឺត្រូវពឹងផ្អែកលើសមាជគណបក្សលើកទី ៨ របស់កូរ៉េខាងជើង និងការស្បថចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦ គឺលោក ចូ បៃដិន ដោយបន្ថែមទៀតថា លោកទន្ទឹងរង់ចាំសារវិជ្ជមានបន្ថែមទៀតនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ពីសំណាក់ប្រទេសកូរ៉េខាងជើង។

រដ្ឋមន្ត្រីរូបនេះ ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ សម្រាប់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ឱ្យប្រកាន់យកគោលជំហរបត់បែន នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា ក្នុងអំឡុងនៃសមាជគណបក្សនាពេលខាងមុខនេះ កូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងបង្ហាញពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មី សម្រាប់រយៈពេល ០៥ឆ្នាំខាងមុខ ហើយក៏អាចបង្ហាញនូវគោលជំហរនយោបាយថ្មីរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងផងដែរ។

កូរ៉េខាងជើងមិនបានបញ្ជាក់ អំពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ ប៉ុន្តែក្រុមអ្នកឃ្លាំបានប៉ាន់ស្មានថា ទំនងជាអាចធ្វើឡើងនៅដើមសប្តាហ៍នេះ ឬអាចនៅប៉ុន្មានថ្ងៃខាងទៀត នៅក្នុងសប្តាហ៍នេះ៕