បណ្តាញសង្គម

ជប៉ុននឹងដាក់ទីក្រុងតូក្យូព្រមទាំងខេត្តនៅជុំវិញ៣ទៀតឲ្យស្ថិតក្រោមគ្រាអាសន្ន ដើម្បីទប់ទល់ការរាតត្បាតកូវីដ-១៩

 (តូក្យូ)៖ សំណើរដ្ឋាភិបាលជប៉ុនស្តីពីការប្រកាសគ្រាអាសន្នរយៈពេល១ខែ ដោយចាប់ផ្តើមពីថ្ងៃសុក្រស្អែកនេះតទៅ សម្រាប់ទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន៣ ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ដែលកំពុងឈានដល់កម្រិតដ៏អាក្រក់បំផុតមួយ គឺត្រូវបានអនុម័តហើយនាថ្ងៃព្រហស្បតិ៍។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។ បើតាមរដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន លោក យ៉ាស៊ូតូសិ នីស៉ីមូរ៉ា (Yasutoshi Nishimura) បាននិយាយថា សំណើរបស់រដ្ឋាភិបាលក្នុងដាក់ទីក្រុងតូក្យូ និងខេត្តចំនួន៣ ឲ្យស្ថិតក្នុងគ្រាអាសន្ន នឹងចាប់ផ្តើមពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Nishimura បានគូសបញ្ជាក់ថា នៅក្រោមគ្រាអាសន្ន ភោជនីយដ្ឋានក៏ដូចជាបារនីយដ្ឋាន នឹងត្រូវស្នើឲ្យបិទទ្វារនៅត្រឹមម៉ោង៨៖០០នាទីយប់ ហើយប្រជាជននឹងត្រូវស្នើឲ្យចៀសវាងដើរហើរចេញទៅក្រៅដោយគ្មានភាពចាំបាច់បន្ទាន់ រីឯការធ្វើកីឡានិងការចូលរួមព្រឹត្តិការណ៍ធំៗ គឺនឹងត្រូវកំណត់ឲ្យមានអ្នកចូលរួមត្រឹម៥,០០០នាក់ប៉ុណ្ណោះ។

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៉ីហ៉ីដេ (Yoshihide Suga) នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅម៉ោង៦ល្ងាច (ម៉ោងនៅប្រទេសជប៉ុន) ដើម្បីប្រកាសជាផ្លូវការនូវការសម្រេចចិត្តខាងលើ ព្រមទាំងវិធានការរឹតត្បិតដែលនឹងត្រូវដាក់ចេញនៅទីក្រុងតូក្យូ និងខេត្តជិតខាងទាំង៣ ដូចជាខេត្តសៃតាម៉ា (Saitama), កាណាហ្គាវ៉ា (Kanagawa), និងឈិបា (Chiba)។

ប៉ុន្តែក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តជប៉ុន បាននិយាយថា ពួកគេខ្លាចថា ផែនការរបស់រដ្ឋាភិបាលប្រហែលជាមិនគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការកើនឡើងនៃករណីឆ្លង COVID-19 នេះទេ ព្រោះនាពេលបច្ចុប្បន្ននេះ ករណីឆ្លងថ្មីៗបានកើនឡើងខ្ពស់គួរឲ្យបារម្ភនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសជប៉ុន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៥២,៣១៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៧១៩នាក់ និងជាសះស្បើយ ២០៧,០៣៩នាក់៕

ដកស្រង់ពី៖ Fresh News