បណ្តាញសង្គម

សិង្ហបុរីបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះអ្វីដែលកំពុងកើតមានឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា

  (សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានសម្តែងក្តីបារម្ភជាខ្លាំង ជុំវិញស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ បន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ា រួមមានទីប្រឹក្សារដ្ឋលោកស្រី អោងសាន ស៊ូជី ព្រមទាំងប្រធានាធិបតី លោក យូ វីនម្យីនត៍ (U Win Myint) ត្រូវបានយោធាចាប់ឃុំខ្លួន។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រសួងការបរទេសសិង្ហបុរីបានចេញសេចក្តីថ្លែងការណ៍ថា «សិង្ហបុរីមានការព្រួយបារម្ភជាខ្លាំង អំពីស្ថានការណ៍វិវឌ្ឍចុងក្រោយបំផុតនៅមីយ៉ាន់ម៉ា ហើយយើងកំពុងតាមឃ្លាំមើលស្ថានការណ៍យ៉ាងដិតដល់បំផុត ហើយក៏សង្ឃឹមដែរថា ភាគីពាក់ព័ន្ធទាំងអស់នឹងមានការអត់ធ្មត់ រក្សាកិច្ចចរចា និងសហការគ្នាឆ្ពោះទៅរកលទ្ធផលមួយដ៏វិជ្ជមាន និងប្រកបដោយសន្តិវិធី»។

ក្រសួងការបរទេសសិង្ហបុរីបានបន្តថា «មីយ៉ាន់ម៉ាគឺជាមិត្តជិតស្និទ្ធមួយរបស់សិង្ហបុរី និងជាសមាជិកសំខាន់មួយរបស់អាស៊ាន។ យើងសង្ឃឹមថា ស្ថានការណ៍នឹងអាចវិលទៅរកភាពប្រក្រតីវិញបានឆាប់ៗ»។

ជាមួយគ្នានេះ សិង្ហបុរីបានណែនាំឲ្យប្រជាជនខ្លួននៅមីយ៉ាន់ម៉ាកុំចលាចល ប៉ុន្តែត្រូវបង្កើនភាពប្រុងប្រយ័ត្នខ្ពស់ ហើយតាមដានព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ាឲ្យជាប់ និងធ្វើតាមការណែនាំនានារបស់អាជ្ញាធរមីយ៉ាន់ម៉ាផ្ទាល់។

គួរបញ្ជាក់ថា ខណៈនេះយោធាមីយ៉ាន់ម៉ាកំពុងក្ដោបក្ដាប់អំណាច និងគ្រប់គ្រងស្ថានការណ៍ទាំងស្រុងនៅក្នុងប្រទេស ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ព្រមទាំងផ្ទេរអំណាចទៅឱ្យ លោកអគ្គមេបញ្ជាការយោធា មីន អោងហ្លេង (Min Aung Hlaing) បន្ទាប់ពីមេដឹកនាំស៉ីវិលត្រូវបានយោធាចាប់ឃុំខ្លួននៅថ្ងៃចន្ទនេះ។

បណ្ដាញទូរស័ព្ទ, អ៉ីនធើណិត, និងប្រព័ន្ធទំនាក់ទំនងនានានៅក្នុងរដ្ឋធានី ក៏ដូចជានៅតាមទីក្រុងធំៗក៏ត្រូវបានកាត់ផ្ដាច់ផងដែរ ខណៈកងទ័ព និងរថក្រោះជាច្រើនត្រូវបានដាក់ពង្រាយ ដើម្បីគ្រប់គ្រងស្ថានការណ៍៕

ដកស្រង់ពី៖ Fresh News