បណ្តាញសង្គម

ការបាញ់ប្រហារទ្រង់ទ្រាយធំ នៅរដ្ឋ Oklahoma នៃសហរដ្ឋអាមេរិក ស្លាប់មនុស្ស ៦នាក់ ក្នុងនោះមានកុមារ ៥នាក់

ប៉ូលីសរដ្ឋអូក្លាហូម៉ា នៃសហរដ្ឋអាមេរិក កំពុងបើកការស៊ើបអង្កេត លើការស្លាប់របស់បុរសម្នាក់ និងកុមារ ៥នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅឯទីក្រុង Muskogee នាព្រឹកព្រលឹម ថ្ងៃអង្គារនេះ(ម៉ោងនៅវ៉ាស៊ីនតោន)។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Inderpendent នៅយប់ថ្ងៃអង្គារ ទី ០២ ខែកម្ភៈ ឆ្នាំ២០២១។ សារព័ត៌មានក្នុងតំបន់ បានគូសបញ្ជាក់ថា មន្រ្តីប៉ូលីស បានឆ្លើយតបទៅនឹងហេតុការណ៍ដ៏សាហាវខាងលើភ្លាមៗ ដែលបានកើតឡើងនៅក្នុងផ្ទះមួយនៅក្នុងក្រុង Muskogee នាម៉ោងប្រហែល ១ ៖៣០ នាទីព្រឹក(ម៉ោងនៅវ៉ាស៊ីនតោន)។

នៅពេលដែលក្រុមប៉ូលីស បានទៅដល់កន្លែងកើតហេតុ ក៏បានប្រទះឃើញ មានជនម្នាក់កំពុងកាន់កាំភ្លើងមួយដើម ហើយប៉ូលីសម្នាក់ក៏បានបាញ់ទៅលើខ្មាន់កាំភ្លើងនោះ តែមិនត្រូវ។ ទោះជាយ៉ាងណា ជនសង្ស័យត្រូវបានចាប់មន្ត្រីប៉ូលីសចាប់ខ្លួនបានហើយ បន្ទាប់ពីបានរត់គេតបានបន្តិច។

នៅខាងក្នុងផ្ទះដែលជាកន្លែងកើតហេតុ មន្រ្តីប៉ូលីសក៏បានរកឃើញបុរសម្នាក់ និងកុមារចំនួន ៤នាក់ទៀតកំពុងដេកស្លាប់ ខណៈទារកទើបនឹងកើតម្នាក់ ក៏បានស្លាប់ដែរ នៅពេលបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ។

ភ្លាមៗនេះ ទាំងឈ្មោះជនរងគ្រោះ ឬជនសង្ស័យមិនត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតលើឃាតកម្មដ៏សាហាវនេះ៕