បណ្តាញសង្គម

ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី និងមេដឹកនាំឯទៀត

 (យូអិន)៖ ក្រោយបញ្ចប់កិច្ចប្រជុំក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងបុរីញូយ៉ក ស្ថាប័នដ៏មានអំណាចប្រចាំ UN មួយនេះបានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី អោង សាន ស៊ូជី និងមេដឹកនាំជាច្រើនរូបទៀត ដែលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខ មិនបានធ្វើការថ្កោលទោស ទៅលើអ្វីដែលប្រទេសមួយចំនួនចាត់ទុកថា ជារដ្ឋប្រហារយោធានោះឡើយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ ការអំពាវនាវរបស់ UNSC ដែលមានសមាជិកសរុប ១៥ ប្រទេសខាងលើនេះ គឺមានលក្ខណៈស្រាលជាងអ្វី ដែលសហរដ្ឋអាមេរិកបានប្រកាសក្នុងថ្ងៃដដែល នោះគឺរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានទាមទារឲ្យយោធាមីយ៉ាន់ម៉ា ចុះចេញពីអំណាច, ដោះលែងថ្នាក់ដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា និងលោកស្រី ស៊ូជី ហើយក៏បានប្រកាសរៀបចំទណ្ឌកម្ម ដើម្បីដាក់លើយោធាមីយ៉ាន់ម៉ាផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវយ៉ាងដូច្នេះថា «មីយ៉ាន់ម៉ាចាំបាច់ត្រូវថែរក្សាស្ថាប័ន និងដំណើរការនានានៃលទ្ធិប្រជាធិបតេយ្យ, ជៀសវាងការប្រើអំពើហិង្សា, និងត្រូវគោរពសិទ្ធិមនុស្ស មូលដ្ឋានគ្រឹះនៃសេរីភាព និងនីតិរដ្ឋយ៉ាងពេញលេញ»។

គួរបញ្ជាក់ថា អត្ថន័យដែលបានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ UNSC គឺត្រូវបានរៀបរៀងឡើងដោយចក្រភពអង់គ្លេស ដែលជាសមាជិកអចិន្ត្រៃយ ១ ក្នុងចំណោម ៥ (មានអាមេរិក ចិន រុស្ស៊ី បារាំង និងអង់គ្លេស)។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ មិនបានធ្វើការថ្កោលទោស ឬលើកឡើងថា អ្វីដែលបានកើតឡើងនៅមីយ៉ាន់ម៉ា គឺជារដ្ឋប្រហារយោធានោះឡើយ។

ការធ្វើដូច្នេះ គឺដើម្បីឲ្យសេចក្តីថ្លែងការណ៍រួមមួយនេះ អាចសម្រេចចេញជាស្ថាពរទៅរួច ដោយទទួលបានការគាំទ្រពីប្រទេសចិន និងរុស្ស៊ី៕

ដកស្រង់ពី៖ Fresh News