បណ្តាញសង្គម

ក្រោមការដឹកនាំរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រ សង្គ្រាមបង្ហូរឈាមនៅយេម៉ែន និងត្រៀមផ្តល់ជំនួយមនុស្សធម៌

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្រេចបញ្ចប់ការគាំទ្រ របស់ប្រទេសមហាអំណាចមួយនេះ ចំពោះសង្រ្គាមដ៏អាក្រក់នៅយេម៉ែន ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ អស់រយៈពេលជាច្រើនឆ្នាំ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ លោក បៃដិន បានប្រកាសពីការសម្រេចចិត្តខាងលើ អំឡុងការថ្លែងសុន្ទរកថាដ៏សំខាន់មួយជាលើកដំបូង ស្តីពីនយោបាយការបរទេស ក្នុងនាមជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។

លោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងបិទបញ្ចប់ រាល់ការគាំទ្រគ្រប់បែបយ៉ាង ក្នុងនោះមានទាំងការលក់អាវុធ ឲ្យសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីត ដែលយកទៅប្រើប្រាស់ក្នុងសង្រ្គាមនៅយេម៉ែនផងដែរ។ លោក បៃដិន បានតែងតាំងបេសកជនពិសេសម្នាក់ប្រចាំយេម៉ែន គឺលោក ធីម៉ូស៊ី ឡិនដឺឃីង (Timothy Lenderking) ដែលជាអ្នកការទូតជើងចាស់អាមេរិកម្នាក់។

លោក Lenderking ត្រូវបានលោក បៃដិន អះអាងថា នឹងផ្តល់ការជួយជ្រោមជ្រែងដល់ កិច្ចប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ដើម្បីឆ្ពោះទៅសម្រេចឲ្យបាននូវបទឈប់បាញ់ និងស្តារកិច្ចចរចាសន្តិភាពឡើងវិញរវាងរដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាមហ៊ូធី (Huthi) ដែលបច្ចុប្បន្នកំពុងកាន់កាប់ដែនដីមួយចំណែកធំ រួមទាំងរដ្ឋធានីសាណាអា (Sanaa)។

ជាចុងក្រោយ ពាក់ព័ន្ធបញ្ហាសង្រ្គាមយេម៉ែន លោកប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់ទៀតថា ប្រទេសលោកនឹងខិតខំធ្វើយ៉ាងណាធានា ឲ្យបាននូវជំនួយមនុស្សធម៌សម្រាប់ប្រជាជនយេម៉ែន ដែលបាននិងកំពុងរងទុក្ខវេទនាយ៉ាងខ្លាំងក្រៃលែង ដោយសង្រ្គាមនេះត្រូវតែបញ្ចប់ដាច់ខាត៕

ដកស្រង់ពី៖ Fresh News