បណ្តាញសង្គម

ចិនផ្តល់សិទ្ធិយ៉ាងពេញលេញដល់ក្រុមជំនាញ WHO ដើម្បីធ្វើការស៊ើបអង្កេត នៅទីក្រុងវូហាន

 (ប៉េកាំង)៖ សមាជិកម្នាក់នៃក្រុមអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលកំពុងបំពេញបេសកម្មស្រាវជ្រាវ ក្នុងគោលដៅស្វែងរកប្រភពដើម នៃការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) បាននិយាយថា ភាគីចិនបានផ្តល់សិទ្ធិពេញលេញដល់ក្រុមរបស់ខ្លួន ក្នុងការស៉ើបអង្កេតទៅលើទីតាំង និងបុគ្គលិកមួយចំនួន ដែលខ្លួនបានដាក់ការស្នើសុំ ហើយវាជាកម្រិតមួយនៃការបើកចំហ ហួសពីការរំពឹងទុក។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកជំនាញស្រាវជ្រាវផ្នែកជំងឺសត្វមកពីអង់គ្លេស លោក ភីតថឺ ដាសហ្សេក (Peter Daszak) បានគូសបញ្ជាក់ថា ក្រុមអ្នកជំនាញ WHO បានដាក់បញ្ជីឈ្មោះទីតាំង និងបុគ្គលមួយចំនួន ដែលពួកគេសង្ស័យថា មានជាប់ពាក់ព័ទ្ធនឹងការផ្ទុះឡើងនៃវីរុស COVID-19 ទៅកាន់ភាគីចិន ដើម្បីស្នើសុំបញ្ចូលវាទៅក្នុងការស៉ើបអង្កេតរបស់ពួកគេ ប៉ុន្តែវាបែរជាគ្មានការជំទាស់ណាមួយត្រូវបានលើកឡើងឡើយ។

លោក Peter Daszak បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវបានសាកសួរ អំពីកន្លែងដែលយើងចង់ទៅ... យើងបានផ្តល់បញ្ជីទៅកាន់ម្ចាស់ផ្ទះ (អាជ្ញាធរចិន)... ហើយអ្នកអាចមើលឃើញ ពីកន្លែងដែលពួកយើងបានទៅ, យើងបានទៅកន្លែងសំខាន់ៗទាំងអស់» ។

លោក Daszak បានគូសបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ទៅកាន់វិទ្យាស្ថានស្រាវជ្រាវវីរុសនៅវូហាន (Wuhan virology institute) ពួកគេបានជួបនឹងកម្រិតមួយ នៃការបើកចំហលើសពីការរំពឹកទុក ដែលសូម្បីតែខ្លួនលោកផ្ទាល់ក៏មិនបានគិតទុកជាមុនដែរ ហើយការសង្ស័យជុំវិញបញ្ហានេះ ត្រូវបានគេយកទៅធ្វើជាឈា្នន់នយោបាយ នៅលើពិភពលោក។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញទាំងនេះ ត្រូវបានផ្តល់ការចូលទស្សនកិច្ចយ៉ាងទូលំទូលាយ នៅឯមន្ទីរពេទ្យដំបូងៗ នៅទីក្រុងវូហាន ដែលបានព្យាបាលអ្នកជំងឺ COVID-19 កាលពីអំឡុងដើមឆ្នាំ២០២០ កន្លងទៅនេះ រួមមានការជួបជាមួយវេជ្ជបណ្ឌិតដំបូង ដែលមានទំនាក់ទំនងផ្ទាល់ ជាមួយអ្នកជំងឺទាំងនោះទៀតផង។

មិនតែប៉ុណ្ណោះ ក្រុមអ្នកជំនាញទាំងនោះ ក៏មានការជួបជាមួយអ្នកលក់ និងអ្នកគ្រប់គ្រងផ្សារលក់គ្រឿងសមុទ្រ ហ័រណាន (Huanan) ដែលជាកន្លែងនៃករណីឆ្លង COVID-19 បានផ្ទុះឡើងជាលើកដំបូងផងដែរ៕

ដកស្រង់ពី៖ Fresh News