បណ្តាញសង្គម

ឥណ្ឌូណេស៉ីត្រៀមទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន១.‌១លានដូស របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃចន្ទនេះ ក្រោមយន្តការ COVAX (Video inside)

(ហ្សាការតា)៖ ក្រុមហ៊ុនផលិតឱសថរបស់រដ្ឋាភិបាលឥណ្ឌូណេស៉ី Bio Farma បានឲ្យដឹងថា វ៉ាក់សាំង COVID-19 ចំនួន១.១លានដូស ដែលផលិតដោយក្រុមហ៊ុនចក្រភពអង់គ្លេស AstraZeneca នឹងមកដល់ប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃចន្ទនេះ ក្រោមយន្តការ COVAX។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។ ឥណ្ឌូណេស៉ីធ្លាប់បានប្រាប់ថា ខ្លួននឹងទទួលបានវ៉ាក់សាំង COVID-19 របស់ AstraZeneca សរុបចំនួនចន្លោះ១៣.៧-២៣.១លានដូស តាមរយៈយន្តការ COVAX ដែលជាកម្មវិធីសម្របសម្រួលការចែកចាយវ៉ាក់សាំង COVID-19 ដឹកនាំដោយសម្ព័ន្ធភាពសុខាភិបាល GAVI, មូលនិធិវ៉ាក់សាំង CEPI និងអង្គការសុខភាពពិភពលោក (WHO)។

បើតាមការបញ្ជាក់របស់ប្រធានាធីបតីឥណ្ឌូណេស៉ី កាលពីសប្តាហ៍មុន វ៉ាក់សាំងរបស់ AstraZeneca ចំនួន៤.៦លានដូស នឹងមកដល់ឥណ្ឌូណេស៉ី ក្នុងខែមីនានេះ។ គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៉ី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន កាលពីខែមករាកន្លងទៅ ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ចិន Sinovac។

គិតមកទល់ពេលនេះ មនុស្សប្រមាណ២.២៨លាននាក់ហើយនៅឥណ្ឌូណេស៉ី ដែលទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោច០១ដូសដំបូង ខណៈវ៉ាក់សាំងរបស់ Sinovac សរុបប្រហែល៣៨លានដូស ត្រូវបានដឹកមកដល់ប្រទេសអាស៊ានមួយនេះ៕

ដកស្រង់ពី៖ Fresh News