បណ្តាញសង្គម

ប្រទេសចិនកំពុងអនុវត្តជាក់ស្តែងក្នុងការការពារទន្លេមាតា

 (ប៉េកាំង)៖ អំឡុងពេលមហាសន្និបាតនៃសភាទាំងពីរនៃប្រទេសចិនឆ្នាំ២០២១ លោក ស៊ី ជីនភីងបានបញ្ជាក់នាថ្ងៃទី៧ ខែមីនាថាត្រូវប្រកាន់ខ្ជាប់តម្កល់ ការការពារអេកូបរិស្ថានជាអាទិភាព ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដើម្បីបង្កើតជីវភាពដែលមានគុណភាពខ្ពស់។

លោកបានផ្តោតសំខាន់លើការ ការពារប្រភពទឹកទន្លេចំនួន៣សំខាន់ៗរបស់ចិន(ពោលគឺទន្លេយង់សេ ទន្លេលឿង និងទន្លេឡានឆាងដែលកំណាត់ទន្លេក្រៅដែនចិន ត្រូវហៅថាទន្លេមេគង្គ) ក៏ដូចជាការការពារទន្លេមាតា។

គួរបញ្ជាក់ថា ទន្លេមាតារបស់ប្រទេសចិនគឺទន្លេលឿង និងទន្លេយង់សេ។ ទំហំផ្ទៃទន្លេលឿង(Yellow River)មានដល់ទៅ ៧៩៥,០០០ គីឡូម៉ែត្រការ៉េ។

ចំណែកឯទន្លេយង់សេ(Changjiang River) មានបណ្តោយសរុប ៦៣៨៧គីឡូម៉ែត្រ។ ថ្ងៃទី៩ ខែមីនាជារៀងរាល់ឆ្នាំ ជាទិវាការពារទន្លេមាតារបស់ប្រទេសចិន (Mother River Protection Day)។

ជាទូទៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសចិន ក្នុងនោះបូករួមទាំងយុវជនផងសុទ្ធតែចូលរួមក្នុងសកម្មភាពពាក់ព័ន្ធដូចជាដាំដើមឈើជួយបង្ការនិងគ្រប់គ្រងការបំពុលទន្លេជាដើម ដើម្បីរួមគ្នារៀបចំ អេកូបរិស្ថានជាតិឱ្យកាន់តែស្អាតត្រកាល។

លោក ស៊ី ជីនភីង ប្រមុខរដ្ឋចិនក៏បានគូសបញ្ជាក់ជាច្រើនលើកច្រើនសាថា ការអភិរក្សឱ្យបានល្អ ប្រើប្រាស់ឱ្យបានល្អ អភិវឌ្ឍឱ្យបានល្អនូវទន្លេយង់សេ និងទន្លេលឿង គឺជាភារកិច្ចសំខាន់ដែលត្រូវបន្តធ្វើទៅគ្រប់ជំនាន់ ព្រោះវាពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងការស្តារភាពរុងរឿងដ៏មហិមាឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិចិន។

ថ្ងៃទី២៤ខែមេសាឆ្នាំ២០១៨ លោក ស៊ី ជីនភីងបានទៅត្រួតពិនិត្យទំនប់ Sanxia។ គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ខែមីនាឆ្នាំ២០២១តទៅ ច្បាប់ការពារទន្លេយង់សេដែលជាច្បាប់ផ្តោតសំខាន់លើការការពារតំបន់តាមដងទន្លេទីមួយ របស់ប្រទេសចិនបានត្រូវអនុវត្តជាផ្លូវការ។ ចំណែក ការតាក់តែងច្បាប់ការពារទន្លេលឿងក៏នឹងចាប់ផ្តើមផងដែរ។

ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនបានលើកឡើងពីការបង្កើតយន្តការសហប្រតិបត្តិការ ឡានឆាង-មេគង្គ។ នាខែមីនា ឆ្នាំ២០១៦ កិច្ចប្រជុំកំពូលលើកទីមួយនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានបើកធ្វើនៅទីក្រុងសានយ៉ា ខេត្តហៃណានប្រទេសចិន ដើម្បីចាប់ដំណើរការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដោយគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការមេត្រីភាពនិងប្រាកដប្រជា រវាងប្រទេសតាមដងទន្លេឡានឆាង-មេគង្គចំនួន ៦ (ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម) ឱ្យកាន់តែស៊ីជម្រៅ ព្រមនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៃបណ្តាប្រទេសតាមដងទន្លេ ដើម្បីបង្កើតខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចដងទន្លេឡានឆាង-មេគង្គ រួមគ្នាកសាងសហគមន៍រួមវាសនានៃប្រទេស តាមដងទន្លេឡានឆាង-មេគង្គ។

កិច្ចសហប្រតិបត្តិការផ្នែកធនធានទឹកនិងការការពារបរិស្ថានជាខ្លឹមសារសំខាន់មួយនៃយន្តការនេះ ក្រៅពីនេះនៅមានការបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរក្នុងវិស័យដូចជា សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កសិកម្មនិងរុក្ខកម្ម និងសន្តិសុខជាដើម ក្នុងគោលបំណងបង្កើនផលប្រយោជន៍ជូនប្រជាជនគ្រប់ប្រទេស ជំរុញដំណើរសមាហរ័ណកម្មនៃសមាគមអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង ប្រទេសកំពុងអភិវឌ្ឍន៍ និងរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិផងដែរ៕

ដកស្រង់ពី៖ Fresh News