បណ្តាញសង្គម

ជប៉ុន៖ ថ្ងៃនេះជាខួប ១០ឆ្នាំគត់នៃគ្រោះរញ្ជួយដី និងមហារលកយក្សស៊ូណាមិ ដែលបានវាយប្រហារ តំបន់រោងចក្រនុយក្លេអ៊ែរ Fukushima និងផ្តាច់ជីវិតមនុស្សជិត ២០,០០០នាក់ (Video inside)

(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានរៀបចំពិធីរំលឹកខួប ១០ឆ្នាំគត់នៃមហាសោកនាដកម្មរញ្ជួយផែនដី-រលកយក្សស៊ូណាមិ និងមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានបង្កការ បំផ្លិច បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅឯតំបន់ឆ្នេរភាគឦសានប្រទេស ដោយបណ្ដាលឱ្យមនុស្សជិត ២០,០០០នាក់ បាត់បង់ជីវិត។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។

ក្រៅពីផ្ដាច់ជីវិតមនុស្ស គ្រោះរញ្ជួយដីយ៉ាងកក្រើកកម្រិត ៩.០រ៉ិចទ័របានបង្ករលកយក្សស៊ូណាមិកម្ពស់ជាង ៣០ម៉ែត្រ ដោយបានបំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដៃអ៉ីឈិ (Fukushima Daiichi) ក្នុងក្រុងអូគូម៉ា (Okuma) នៃខេត្ត Fukushima ធ្វើឱ្យលេចធ្លាយសារធាតុវិទ្យុសកម្ម ដែលជាមហន្តរាយនុយក្លេអ៊ែរអាក្រក់បំផុត នៅលើពិភពលោក គិតចាប់តាំងតែពីគ្រោះ មហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ ឆឺណូប៊ូល (Chernobyl) របស់សហភាពសូវៀតកាលពីឆ្នាំ១៩៨៦មក។

ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito), នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide), និងប្រជាជនជប៉ុនទាំងឡាយ នឹងប្រារព្ធពិធីស្មឹងស្មាធគោរពវិញណក្ខន្ធ នៅវេលាម៉ោង ២៖៤៦នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងតូក្យូ) ជូនដល់ជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍គ្រោះរញ្ជួយដី និងមហារលកយក្សស៊ូណាមិ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ខណៈពិធីជាច្រើនទៀត ក៏ត្រូវបានគេគ្រោងនឹងរៀបចំឡើង នៅទូទាំងតំបន់ភាគឦសាន នៃប្រទេសជប៉ុនផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានចំណាយប្រាក់ជាង ៣០០ពាន់លានដុល្លារ ដើម្បីជួសជុលតំបន់រងការខូចខាត និងបំផ្លាញដោយរលកយក្សស៊ូណាមិ ប៉ុន្តែរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi នៅតែស្ថិតនៅក្រោមការដាក់កំហិតនៅឡើយ ដោយសារបារម្ភពីសារធាតុវិទ្យុសកម្ម។

បើតាមការស្ទង់មតិ ធ្វើឡើងដោយទូរទស្សន៍ NHK ប្រជាជនជប៉ុន ៨៥ភាគរយ នៅតែព្រួយបារម្ភពីឧប្បដិហេតុនុយក្លេអ៊ែរ៕

ដកស្រង់ពី៖ Fresh News